
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៦«ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវានៃការរំលឹកដល់ការសម្រេចបាន នូវការបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុងទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជាតាមរយៈនយោបាយ ឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នៅវិមានឈ្នះឈ្នះ។
អង្គពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
ការប្រារព្ធទិវានេះឡើង គឺបានរំលេចអំពីគុណបំណាច់ និងការលះបង់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញពិតប្រាកដនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទិវានេះ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុងក្រោមរូបមន្ត ឈ្នះឈ្នះ គឺឈ្នះទាំងអស់គ្នា។« ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ » ថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលជាថ្ងៃឈប់សម្រាក៕











































