ខេត្ត ពោធិ៍សាត់ៈមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានក្នុងឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញបានឲ្យដឹងថា៖កាលពីព្រឹកថ្ងៃ ទី២០ ខែ កុម្ភៈ ឆ្នាំ២០១៩
សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបរោងម៉ាស៊ីនអារឈើ គ្មានលិខិតអនុញ្ញាតនៅភូមិ ក្សេត្របុរី ឃុំ សន្ទ្រែ ខេត្ត ពោធិ៍សាត់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចរកឃើញឈើមូលចំនួន២១កំណាត់ស្មើនឹង១៣,៨៩៧ម៉ែត្រគូប និង វត្ថុតាងជាច្រើនទៀតនៅក្នុងរោងម៉ាស៊ីនអារឈើនោះផងដែរ។ ក៏ប៉ុន្តែប្រជាពលរដ្ឋក្នុងឃុំសន្ទ្រែ និង មន្ត្រីអង្គការក្រៅរដ្ឋាភិបាល គ្មានជំនឿលើសមត្ថកិច្ចអាវុធហត្ថក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ ព្រោះម្ចាស់រោងម៉ាស៊ីនអារឈើនៅតែគេចផុតពីសំណាញ់ច្បាប់។ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ បានឲ្យដឹងថា ករណីសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើក្នុងមូលដ្ឋានពួកគាត់នាពេលកន្លងមក គឺជារឿងដដែលៗគ្មានប្រសិទ្ធភាពទាល់តែសោះ។ ប្រជាពលរដ្ឋ និង មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានកត់សម្គាល់ថាសមត្ថកិច្ចអាវុធហត្ថបង្ក្រាបតែឈ្មួញតូចតាចដែលដឹកឈើបន្តិចបន្តួចឬរោងម៉ាស៊ីនអារឈើតូចតាច ចំណែកឈ្មួញធំៗដូចជា ៖ លោក ឧកញ៉ា តាំង អៀង មេឈ្មួញ ណុប ឌី និងឈ្មួញ ង៉ូវ ទី នៅតែអាចដឹកជញ្ជូនឈើឆ្លងកាត់ស្រុក ភ្នំក្រវាញ យ៉ាងរលូន។ មានការរិះគន់ចំៗថា លោក ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ ក៏ដូចជាលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ពោធិ៍សាត់ និង មេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពនោះឡើយ។ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋក្នុងឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញបានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញធំៗកាប់ឈើ និងដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ស្រុក ភ្នំក្រវាញ យ៉ាងគគ្រឹកគគ្រេងមិនដែលឃើញសមត្ថកិច្ចអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីបរិស្ថាន ចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានកត់សម្គាល់ទៀតថា កន្លងមកសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស និង សមត្ថកិច្ចអាវុធហត្ថខេត្ត ពោធិ៍សាត់ បង្ក្រាបតែ
ឈ្មួញតូចតាចប៉ុណ្ណោះ ចំណែកឈ្មួញដែលដឹកជញ្ជូនឈើប្រណីត ឈើប្រភេទលេខ១ តាមរថយន្តធំៗចំណុះរាប់សិបម៉ែត្រគូបមិនដែលឃើញសមត្ថកិច្ចបង្ក្រាបទាល់តែសោះ។ ជាការពិតសមត្ថកិច្ចអាវុធហត្ថបង្ក្រាបរោងអារឈើតូចមួយនៅក្នុងភូមិ ក្សេត្របុរី ឃុំ សន្ទ្រែ ស្រុក ភ្នំក្រវាញ ចំណែករោងម៉ាស៊ីនអារឈើរបស់មេឈ្មួញ តាំង អៀង និង មេឈ្មួញដទៃទៀតក្នុងស្រុកភ្នំក្រវាញ និង ស្រុក វាលវែង មិនដែលឃើញសមត្ថកិច្ចហ៊ានទៅក្បែរនោះទេ។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់ កំពុងប្រឈម នឹង សេចក្ដីវិនាសព្រោះសូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏រក្សាភាពស្ងៀមស្ងាត់។( ព័ត៌មានបឋម).