សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិរួមគ្នាប្រារព្ធទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤

A0BBD2C7-FD2E-48D2-BB54-FE6E402C7979 1FCFA54F-2AA8-459A-845E-D53889B7B144 0543A8BC-335E-444E-8057-6628272EA44F

ភ្នំពេញ: ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទលើកកម្ពស់ការរួមចំណែករបស់ពលករទេសន្តរប្រវេសន៍ និងការគោរពសិទ្ធិរបស់ពួកគេត្រូវបានប្រារព្ធធ្វើឡើងរួមគ្នា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា។

ទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតី លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមនិងវត្តមានចូលរួមពីតំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល, តំណាងស្ថានបេសកកម្មបរទេស នៅកម្ពុជា, ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិដូចជា លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា, លោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា, លោកទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា, លោក Reto Gruninger ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), តំណាងពីស្ថាប័នអប់រំ សមាគមនិយោជក សហជីព អង្គការសង្គមស៊ីវិល វិស័យឯកជន សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទីភ្នាក់ងារជ្រើសរើសឯកជន និងអតីតពលករ។

ថ្លែងនៅក្នុងកម្មវិធីប្រារព្ធទិវានេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោតសំខាន់លើការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នានា និងផ្តល់នូវកិច្ចគាំពារសង្គមជូនដល់ពលករទេសន្តរប្រវេសន៍។ តាមរយៈទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ក្រោមប្រធានបទលើកកម្ពស់ការរួមចំណែករបស់ពលករទេសន្តរប្រវេសន៍និងការគោរពសិទ្ធិរបស់ពួកគេដែលផ្តោតលើការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្ដរប្រវេសន៍នេះនឹងក្លាយជាឱកាសមួយ ដើម្បីលើកកម្ពស់ការសន្ទនា និងការយល់ដឹងអំពីការធ្វើទេសន្តរប្រវេសន៍ការងារ និងចែករំលែកបទពិសោធន៍ និងបំណងប្រាថ្នារបស់ពលករទេសន្តរប្រវេសន៍នៅក្នុងសហគមន៍។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ចំណុចអាទិភាពទី៩ ស្ដីពីការបន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេសការទប់ស្កាត់ទេសន្តរប្រវេសន៍ការងារខុសច្បាប់ ការបណ្ដុះបណ្ដាល និងការលើកកម្ពស់សិទ្ធិផលប្រយោជន៍ និងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍កម្ពុជា ការរៀបចំយន្តការទទួលស្គាល់ជំនាញ និងការធ្វើចល័តភាពរបបសន្តិសុខសង្គម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាច្រើន ដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងពលករទេសន្តរប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅបរទេស ទាំងពលករទេសន្តរប្រវេសន៍បរទេសដែលមកធ្វើការនៅកម្ពុជាផងដែរ។

បន្ថែមពីនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងខិតខំបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ការទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍ការងារដោយខុសច្បាប់, អំពើជួញដូរមនុស្ស, ការលើកកម្ពស់ការការពារសិទ្ធិផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ, ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍តាមរយៈការទទួលស្គាល់ជំនាញ, ចល័តភាពនៃរបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាអំពីការងារ និងការបង្កើតមុខរបរដោយខ្លួនឯង៕

AB0CB079-D0ED-4C20-9761-469538C14E6B D28F9405-524B-4DD6-A756-575549D7C083 9A1605C8-A130-49DB-BBF5-3AE3D58DD30A E58A7812-9226-4DF5-BAFA-AA49B7156786

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment