
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជាកិត្តិយសក្នុងព្រះរាជពិធីដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកថ្ងៃទី១ មានការ អញ្ជើញចូលរួមពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ–អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដារាជធានី–ខេត្តយ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយ។
ព្រះរាជពិធីជាប្រពៃណីនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី១៤,១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕











































