សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយ ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពនៃប្រទេសជប៉ុន អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ

 

C0C9751E-6F71-493B-B84F-54E69753D96F8B423B17-8DB0-45EE-9AF3-A2AA08C16E8AB290F537-6C44-4595-B15F-BA7C9B429D0F(សិង្ហបុរី) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមសេជិ ថាណាកា (Seiji Tanaka) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពនៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។

នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណភាគីជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកន្លងមក ពិសេសតាមរយៈជំនួយអភិវឌ្ឍរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) និងការបញ្ជូនអ្នកជំនាញឯកទេសជនជាតិជប៉ុនមកកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) និងសុវត្ថិភាព និងសុខភាពការងារ (OSH) ដែលជាកាតាលីករជំរុញយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងសារៈសំខាន់នៃកម្មវិធីការងារសម្រាប់ការអភិវឌ្ឍជំនាញ (Employment for Skill Development Program) ថ្មីរបស់ជប៉ុនដែលនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ២០២៧ ដោយកម្មវិធីនេះនឹងអាចជួយពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ តាមរយៈការផ្ដល់អាទិភាព និងលើកទឹកចិត្តឱ្យកម្ពុជា ក៏ដូចជាប្រទេសបញ្ជូនដទៃទៀត បង្កើនការបញ្ជូនពលករជំនាញ (Skilled Workers) ទៅជប៉ុន ជាជាងការបញ្ជូនកម្មសិក្សាការីបច្ចេកទេស(Techinal Intern Trainees) កម្មវិធីនេះមិនត្រឹមតែរួមចំណែកក្នុងការជួយបង្កើនកម្លាំងពលកម្មជំនាញ និងជំរុញកំណើនសេដ្ឋកិច្ចជប៉ុនប៉ុណ្ណោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ពិសេសក្រោយពលករជំនាញទាំងនោះវិលត្រឡប់មកកម្ពុជាវិញ។

ជាការឆ្លើយតប ឯកឧត្តម សេជិ ថាណាកា បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបញ្ជាក់គោលជំហររបស់ប្រទេសជប៉ុន ក្នុងការជួយគាំទ្រ និងលើកកម្ពស់ប្រព័ន្ធកម្មសិក្សាការី និងពលករជំនាញដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្នបន្ថែមទៀត ព្រមទាំងសង្ឃឹមថា កម្មវិធីបណ្ដុះបណ្ដាលការងារថ្មីរបស់ជប៉ុន នៅឆ្នាំ២០២៧ នឹងក្លាយជាយន្ដការមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ក្នុងគោលបំណងបង្កើនការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញ ដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មរបស់កម្ពុជាជាពិសេសសម្រាប់ពលករដែលធ្វើសមាហរណកម្មត្រឡប់មកមាតុភូមិវិញ ដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកឡើងពីអាទិភាពថ្មីមួយទៀតរបស់ជប៉ុនសម្រាប់កាលៈទេសៈក្រោយជំងឺរាតត្បាតកូវីដ១៩ក្នុងការចែករំលែកឧត្តមានុត្តន៍ និងបទពិសោធន៍ពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការតាមរយៈអង្គការអន្ដរជាតិខាងការងារ (ILO)។ជារួម ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព៕

8B423B17-8DB0-45EE-9AF3-A2AA08C16E8A 34818BFA-66E7-4032-8D88-774BFEEAAED0

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment