
សៀមរាបៈ ឯ.ឧ ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទីភ្នាក់ងាអង្គការសហប្រជាជាតិ និងអបអរសាទរចំពោះសមិទ្ធិផលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកថែទាំសុខភាព ការគាំទ្រសង្គម ការអប់រំ និងសមភាពយេនឌ័រ ដែលក្នុងនោះ UNDP គឺជាដៃគូមួយយ៉ាងសំខាន់សម្រាប់វិស័យសកម្មភាពមីន និងកិច្ចខិតខំប្រឹងប្រែងដើម្បីសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា។
នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន បានពិសាអាហារពេលល្ងាច និងថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិនៃUNDP, UNFPA, UNOPS, UNICEF, UN-WOMEN, WEP និងឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុបខាងកើត អ៊ឺរ៉ុបខាងលិចអាមេរិកឡាទីននិងរដ្ឋការីប៊ីន និងរដ្ឋអាហ្វ្រិក ដែលដឹកនាំដោយ លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ។ ឯ.ឧ ទេស រដ្ឋមន្រ្តី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសហប្រជាជាតិ គឺជាបេសកកម្មរួម និងបង្ហាញពីការប្តេជ្ញាចិត្តរួមចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ឯ.ឧ ទេសរដ្ឋមន្រ្តី បានទទួលស្គាល់នូវផលទទួលបានពីបណ្តាញទីភ្នាក់ងារអង្គការសហប្រជាតិដែលគម្រោងទាំងនេះបានរួមចំណែកបន្តកែលម្អជីវិតរស់នៅ និងពង្រឹងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ឯ.ឧ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងសម្តែងនូវការអបអរសាទរចំពោះសមិទ្ធិផលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកថែទាំសុខភាពការគាំទ្រសង្គម ការអប់រំ និងសមភាពយេនឌ័រ ដែលក្នុងនោះ UNDP គឺជាដៃគូមួយយ៉ាងសំខាន់សម្រាប់វិស័យសកម្មភាពមីន និងកិច្ចខិតខំប្រឹងប្រែងដើម្បីសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា។
ឯ.ឧ ទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា “ទីកន្លែងដែលយើងជួបជុំគ្នាល្ងាចនេះ ក្នុងខេត្តសៀមរាបពីអតីតកាលត្រូវបានគេទទួលស្គាល់ជាកន្លែងដែលធ្លាប់មានស្លាកស្នាមដោយជម្លោះ និងបច្ចុប្បន្នជាកន្លែងនៃកិច្ចខិតប្រឹងប្រែងរួម ដើម្បីបង្កើតពិភពលោកមួយដែលគ្មានមីន ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប–អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា។ ការធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល មិនមែនគ្រាន់តែជាកាតព្វកិច្ចមួយប៉ុណ្ណោះទេ វាជាឱកាសមួយដើម្បីចែករំលែកជាមួយពិភពលោកអំពីរឿងរ៉ាវរបស់ប្រទេសកម្ពុជាដែលធ្លាប់រងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលពោរពេញសន្តិភាព និងវិបុលភាព។
ជាមួយគ្នានោះ ក្នុងឱកាសនៃការជួបជុំនេះ ឯ.ឧ ទេសរដ្ឋមន្រ្តី បានលើកឡើងថា ប្រជាជនកម្ពុជានិងភាគីពាក់ព័ន្ធ បានកោតសរសើរចំពោះចក្ខុវិស័យ និងការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងបុព្វហេតុការពារសន្តិភាព និងស្ថិរភាព និងការរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាពជាដៃគូ និងការបំផុតគំនិត សំដៅសម្រេចបាននូវអនាគតដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិរបស់យើង។
ការប្តេជ្ញារបស់សម្តេច ក្នុងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងឆាកអន្តរជាតិ និងការធ្វើឱ្យជីវិតរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង គឺជាត្រីវិស័យដឹកនាំកិច្ចការងាររបស់យើង។ ដោយមានការគាំទ្រពីសម្តេច កម្ពុជា សម្រេចបានវឌ្ឍនភាពជាទីកត់សម្គាល់ លើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យសុខាភិបាល អប់រំ និងការគាំពារសង្គម ដែលស្របតាមគោលការណ៍របស់អង្គការសហប្រជាជាតិ៕











































