
ភ្នំពេញ : លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ រួមនិងព្រះវត្តស្ទឹងមានជ័យមេកុដ្ឋ៤៦ បានផ្តល់អំណោយជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ស្ទឹងមានជ័យទី១ រួមជាមួយបងប្អូនកម្មករប្រមូលសំរាម សរុបទាំងអស់៥០នាក់ ដើម្បីលើកទឹកចិត្តចំពោះការជួយការពារសុវត្ថិភាព និងសម្របសម្រួលចរាចរណ៍ក្នុងវត្តអារាមទាំងអស់ ក្នុងមូលដ្ឋាន កំឡុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលមានរយះពេល១៥ថ្ងៃផងដែរ ដោយកម្លាំងពិតជាបានសស្រាក់សស្រាំគ្នាជាខ្លាំង ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។
ពិធីសំណេះសំណាល និងផ្តល់អំណោយជូននេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះនៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ លោកសេង គន្ធ អភិបាលខណ្ឌ បានធ្វើការកោតសសើរកម្លាំងទាំង២ ទាំងនគរបាល និងប្រជាការពារ ដែលបានយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ មិនប្រកាន់ពេលវេលាយប់ ឬថ្ងៃ ។
លើកពីនោះ កម្លាំងទាំង២នេះ បានដើរតួនាទីសំខាន់ក្នុងការល្បាតពួនស្ទាក់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ធានាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសនោះ គឺការតែងចុះសម្របសម្រួលលំហូរចរាចរណ៍លើដងផ្លូវ ខណះសង្កាត់ស្ទឹងមានជ័យ តែងជួបជាប្រចាំលើការកកស្ទះ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុងម្នាក់ទទួលបាន ៖ អង្ករ ១បេ ២៥គីឡូក្រាម , មី១កេស , ទឹកត្រី ១យួ , ទឹកស៊ីអ៊ីវ ១យួ , តែ , ស្ករ ស , ទឹកដោះគោ និងថវិការមួយចំនួនទៀតផងដែរ៕











































