
ភ្នំពេញៈ ឡាវ–វៀតណាម យល់អំពីការដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតបានពន្យល់ផ្ទាល់មាត់អំពី CLV-DTA ដល់មេដឹកនាំឡាវ និងវៀតណាម។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ជុំវិញលទ្ធផល ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក ហ្សង់ហ្វ្រង់ស័រ តាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ជំនួបទទួលទានអាហារពេលព្រឹករួមគ្នារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម ជាព្រឹត្តិការណ៍ធម្មតាដូចសព្វដង។
បន្ថែមពីនោះទៀត លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានឲ្យដឹងថា ក្នុងជំនួបនេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានពន្យល់ផ្ទាល់មាត់អំពី CLV-DTA ដល់មេដឹកនាំឡាវ និងវៀតណាម ហើយភាគីទាំងពីរ (ឡាវ–វៀតណាម) សុទ្ធតែយល់អំពីការដកខ្លួនរបស់កម្ពុជា។
លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា នេះជាប្រពៃណីមួយបានន័យថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមក្នុងការ ទទួលទានអាហារពេលព្រឹក ត្រីភាគីបើរាប់មកដល់ឥលូវនេះ មានចំនួន៣ដងមកហើយ គ្មានអ្វីថ្មីទេ គឺជាព្រឹត្ដិការណ៍ធម្មតា ដែលយើងរាជរដ្ឋាភិបាលកម្ពុជា មិនលាក់លៀម និងមិនដែលលាក់លៀម»។
លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបន្ថែមថា CLV-DTA បានបញ្ចប់ជាស្ថាពរ តាំងពីថ្ងៃអាទិត្យ ទី២០ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវធិបតី ហ៊ុនម៉ាណែត សម្រេចចិត្ដដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA៕











































