សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជកឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤»

7F2D00B2-01C5-475B-989E-343D35F4668B

(ភ្នំពេញ) នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ«ទស្សនវិស័យមុខរបរ និងការងារ៖ តម្រូវការជំនាញ និងការងារសម្រាប់យុវជន», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ដោយមានវត្តមានចូលរួមប្រមាណ ១០០នាក់ មកពី ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA), មជ្ឈមណ្ឌលការងាររាជធានី ខេត្ត, អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, តំណាងដៃគូអភិវឌ្ឍន៍, រួមនិងតំណាងវិស័យឯកជន។  

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា សិក្ខាសាលានេះផ្សព្វផ្សាយនូវឯកសារដ៏មានសារៈសំខាន់ចំនួន៣ រួមមាន ទី១ ព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ» ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានសំខាន់ៗអំពីទីផ្សារការងារ និងឱកាសការងារដែលមានស្រាប់សម្រាប់យុវជន និងជាព័ត៌មានចាំបាច់សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជំនាញត្រូវនឹងទីផ្សារបច្ចុប្បន្ន។ ទី២ របាយការណ៍លទ្ធផលអង្កេតស្តីពី«តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់តម្រូវការនៃកម្លាំងពលកម្ម និងស្ថានភាពកង្វះជំនាញ និងការបណ្តុះបណ្តាលបុគ្គលិក និងស្ថានភាពនៃការជ្រើសរើសបុគ្គលិកនៅតាមវិស័យ និងទំហំនៃសហគ្រាស គ្រឹះស្ថានផ្សេងៗគ្នា ក្នុងរយៈពេលខ្លីនិងមធ្យម ដោយជាក់ស្តែងរបាយការណ៍នេះបង្ហាញថា សហគ្រាស គ្រឹះស្ថានក្នុងអនុវិស័យសំខាន់ៗមួយចំនួនកំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មដើម្បីបំពេញតម្រូវការរបស់ខ្លួន។ និងទី៣ របាយការណ៍លទ្ធផលអង្កេតស្តីពី «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់នូវមុខរបរ ឬជំនាញដែលមានតម្រូវការខ្ពស់ និងកំណត់និន្នាការប្រាក់ឈ្នួលតាមវិស័យក្នុងរយៈពេលខ្លី និងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាលទ្ធផលនៃការអង្កេតនេះនឹងផ្តល់ជាធាតុចូលដ៏សំខាន់ដល់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនានា សម្រាប់យកជាមូលដ្ឋានក្នុងការសម្រេចចិត្តផ្នែកគោលនយោបាយ និងសម្រាប់អ្នករៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របទៅតាមតម្រូវការជំនាញ និងបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយការអង្កេតទាំងនេះ ត្រូវបានរៀបចំឡើងស្របតាមសូចនាករនៃផែនការយុទ្ធសាស្ត្រវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤– ២០២៨៕

7F2D00B2-01C5-475B-989E-343D35F4668B

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment