ភ្នំពេញៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ព្រមានចុះចាប់ប្រមូលសត្វចិញ្ចឹមសត្វពាហនៈ ដែលប្រលែង ពាសវាលពាសកាល ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ ចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន សោភ័ណភាព និងសុវត្ថិភាពសាធារណៈ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ស្នើដល់លោក/លោកស្រីដែលចិញ្ចឹមសត្វពាហនៈ (គោ ក្របី ពពែ) ត្រូវរៀបចំទុកដាក់សត្វចិញ្ចឹមទាំងអស់របស់លោក/លោកស្រីនៅក្នុងទ្រុងឬក្រោលឱ្យបានត្រឹមត្រូវ ជៀសវាង ការព្រលែងដើរពាសវាលពាសកាលតាមដងផ្លូវសាធារណៈ និងទីប្រជុំជនដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។
ក្នុងករណី បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេរដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាលចុះចាប់ប្រមូលសត្វចិញ្ចឹមរបស់លោក/លោកស្រី ដែលប្រលែង ពាសវាលពាសកាលមករក្សាទុកដោយមិនទទួលខុសត្រូវរាល់ការបាត់បង់នោះទេព្រមទាំងអញ្ជើញលោកលោកស្រី មកធ្វើកិច្ចសន្យាផាកពិន័យ ករណីមានការរារាំង រឹងរូសអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
ការជូនដំណឹងដល់សាធារណៈជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលចិញ្ចឹមសត្វពាហនៈ (គោក្របី ពពែ) នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះ ដោយសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋដែល ចិញ្ចឹមសត្វពាហនៈ(គោ ក្របី ពពែ) បានប្រលែងសត្វពាហនៈរបស់ខ្លួនឱ្យដើរពាសវាលពាសកាលតាមដង ផ្លូវសាធារណៈ និងទីប្រជុំជនជាពិសេសតាមបណ្តោយផ្លូវសំខាន់ៗរួមមានមហាវិថីសហព័ន្ធរុស្សី មហាវិថីឈ្នះឈ្នះ មហាវិថីចោមចៅ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ ចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន សោភ័ណភាព និងសុវត្ថិភាព សាធារណៈ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងអនុវត្ត តាមខ្លឹមសារសេចក្តីជូនដំណឹងនេះជាពុំខានឡើយ៕











































