ភ្នំពេញ: ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា ៖ក្នុងនាមក្រសួងទេសចរណ៍ដែលជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាលលើវិស័យទេសចរណ៍ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងទាំងអស់គ្នាពិតជាមានមោទនភាពខ្លាំងណាស់ដែលប្រទេសកម្ពុជាយើងមានឱកាសបានចូលរួមក្នុងការតាំងបង្ហាញរថយន្តទំនើប រថយន្តស្ព័ត ក្នុងព្រឹត្តិការណ៍Gumball 3000 នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតតាមរយៈក្រសួងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធនៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។
ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍បន្តថា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នេះ យើងក៏ទទួលបានដំណឹងល្អបន្ថែមទៀត គឺស្ថាប័ន Guinness World Record ថា កម្ពុជាបានបំបែកកំណត់ត្រាពិភពលោកក្នុងការតាំងបង្ហាញរថយន្តទំនើប រថយន្តស្ព័ត ដែលមានចំនួនច្រើនជាងគេបំផុត។ ហើយនេះ គឺពិតប្រាកដណាស់ដែរថា ការដែលប្រទេសកម្ពុជាទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ គឺដោយសារប្រទេសរបស់យើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍ ទើបយើងមានឱកាសទទួលបានកិត្តយសដ៏ធំធេងនេះ។ សូមអរគុណសន្តិភាពហើយសូមរីករាយបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា៕











































