
ភ្នំពេញៈ ឯ.ឧ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសជាពិសេសប្រទេសថៃ សូមទៅធ្វើការងារដោយស្របច្បាប់តាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជនដែលបានចុះបញ្ជីការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាវៈដោយស្របច្បាប់។
លោកក៏បានធ្វើក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះគឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។ ទន្ទឹមនឹងនេះ លោកស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។
ឯ.ឧ សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជីការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅ ប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ទន្ទឹមនេះ អាជ្ញាធរក៏ព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរឹងប្រសិនបើរកឃើញថា មានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។
ឯ.ឧ បន្ថែមថា ជុំវិញព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ បងប្អូនអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ឬ ទូរស័ព្ទមកលេខ ១២៩៧ ឬ ១២៨៦។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគាំទ្រទៅដល់ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ធ្វើទៅធ្វើការនៅក្រៅ ប្រទេស ត្រូវមានការស្វែងយល់ឱ្យបានត្រឹមត្រូវពីក្រុមហ៊ុនដែលបញ្ជូននោះ ជៀសវាងទៅធ្វើការដោយខុសច្បាប់។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា៖«បងប្អូនប្រជាពលរដ្ឋរបស់យើងត្រូវជៀសវាងឱ្យផុតពីការទៅធ្វើការនៅក្រៅប្រទេសតាមរយៈមេខ្យល់ ព្រោះវាជាការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។
កាលណាយើងទៅតាមរយៈមេខ្យល់នោះយើងនឹងមានបញ្ហាហើយ ដូចជា ការរំលោភបំពានកម្លាំងពលកម្ម ការរំលោភសិទ្ធិ និងអំពើខុសច្បាប់ផ្សេងៗទៀត»។
លោកបន្ថែមថា ការទៅធ្វើការនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជីការជាមួយរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនពលករ នឹង ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់បៀវត្សល្អ ទទួលបានអត្ថប្រយោជន៍ពេញលេញពីនិយោជកបរទេស និងទទួលបានចំណេះជំនាញត្រឹមត្រូវនៅពេលត្រលប់មកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីអស់អាណត្តិ។
លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះយន្តការរបស់រាជ រដ្ឋាភិបាល កម្ពុជាដែលជានិច្ចកាលតែងតែបានអំពាវនាវ និងដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ស្កាត់កុំឱ្យបងប្អូនប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារតែងតែស្វែងរកដៃគូដែលជាក្រុមហ៊ុនជ្រើសរើសឯកជនដោយស្របច្បាប់ ដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ទទួលបានអត្ថប្រយោជន៍ពេញលេញ។
ទន្ទឹមនឹងការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទៅធ្វើការងារនៅក្រៅ ប្រទេសដោយស្របច្បាប់នេះផងដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខ របរ និងការងារ(NEA) ក៏តែងរៀបចំឱកាសការងារក្នុងស្រុកជាច្រើនម៉ឺនកន្លែងរៀងរាល់សប្តាហ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋមាន បំណងធ្វើការងារក្នុងវិស័យសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងសេវាកសិកម្ម៕












































