រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួង សុខាភិបាល បានអញ្ជើញចូលរួមបើកសិក្ខាសាលា ស្ដីពីការចែករំលែកបទពិសោធន៍ នៃការអនុវត្តល្អៗ លើកិច្ចលទ្ធកម្មរបស់ UNOPS។សិក្ខាសាលានេះ រៀបចំឡើងនៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺ ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងអង្គការUNOPS ដោយមាន លោកស្រី Eda Kraja នាយិកាអង្គការ UNOPS ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលរួមជាគណៈអធិបតីផងដែរ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងមានការចែករំលែកបទពិសោធន៍របស់ UNOPS ទាក់ទងទៅនឹង ១) ការឈ្វេងយល់អំពីនីតិវិធីលទ្ធកម្មរបស់UNOPS ២) ការចែករំលែកបទពិសោធន៍អំពីគម្រោងលទ្ធកម្មរបស់ UNOPS ៣) ការគ្រប់គ្រងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និង៤) បញ្ហាប្រឈមផ្នែកលទ្ធកម្មក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកលោកស្រីអគ្គនាយករង លោក លោកស្រីតំណាងក្រសួងសុខាភិបាល គ្រឹះស្ថានសាធារណៈរដ្ឋបាល មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងគ្រូឧទ្ទេសន៍របស់UNOPS ផងដែរ៕











































