ភ្នំពេញៈឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយលោក លោកស្រីគណៈអភិបាលខណ្ឌចំការមន កាលពីថ្ងៃទី ១១ខែសីហា ឆ្នាំ២០២៤ នេះ បាននាំយកទៀនព្រះ វស្សា និងទេយ្យទានប្រគេនព្រះសង្ឃ៨១អង្គ ដែលគង់រង់ចាំព្រះវស្សានៅក្នុងវត្តមណិរតនារាមហៅវត្តទួលទំពូងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។សម្ភារៈដែល ឯ.ឧ រដ្ឋមន្ត្រី និងក្រុមការងារ បានប្រគេនជូនរួមមាន ទៀន វស្សា១គូ អង្ករ៤បាវសាដក១ ស្ករស១បាវ ទឹកដោះគោ ខាប់ ១កេស ទឹក ក្រូច ១០ កេស ទឹកសុទ្ធ១០កេស មីម៉ាម៉ា២កេសធំ ត្រីខ១កេស និងបច្ច័យមួយចំនួនទៀត។
ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សា។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនាដែលជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ៕











































