
ភ្នំពេញៈ រាជរដ្ឋាភិបាល បានកំពុងខិតខំធ្វើឱ្យពលរដ្ឋមានជំនាញ និងចំណូល ដើម្បីសម្រេចគោលដៅនៅឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យម និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។
ថ្លែងក្នុងពិធីបិទទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ នៅសាលសន្និបាត និងពិព័ណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាល នឹងធ្វើយ៉ាងណាធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានឱកាសការងារ និងមានជំនាញច្បាស់លាស់ ដើម្បីទទួលបានប្រាក់ចំណូល និងលើកកម្ពស់ជីវភាព។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋទទួលបានឱកាសការងារ និងមានជំនាញច្បាស់លាស់នេះ ដើម្បីសម្រេចគោលដៅរាជរដ្ឋាភិបាលកំណត់ថានៅឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យម និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។
លោកបានបញ្ជាក់ទៀតថា បើប្រជាពលរដ្ឋមិនមានការទទួលបានឱកាសការងារ និងមានជំនាញនេះ គឺកម្ពុជាមិនអាចសម្រេចនូវគោលដៅនេះបាននោះទេ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលខាងមុខ និងកាន់បន្ថយភាពក្រីក្រ។ជាមួយគ្នានេះ លោកសង្ឃឹមថា យុវជនទាំងអស់នឹងសម្រេចចិត្ដបានត្រឹមត្រូវ ដើម្បីធ្វើឱ្យអនាគតរបស់ខ្លួនមានភាពល្អប្រសើរ។ ជាពិសេសយុវជន និងសិស្សនិស្សិតត្រូវធានាលើការសិក្សាមានទាំងស្នាដៃ និងគុណភាព ដើម្បីអាចទាក់ទាញការវិនិយោគ និងបង្កើនឱកាសការងារក្នុងស្រុកឱ្យបានកាន់តែច្រើនសម្រាប់ទទួលបានប្រាក់ចំណូល លើកកម្ពស់ជីវភាព និងជួយជំរុញការអភិវឌ្ឍប្រទេសជាតិ៕










































