ភ្នំពេញ : នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទៅបណ្ដានាយកដ្ឋានអង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។សូមបញ្ជាក់ថាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ ក៏ត្រូវបានដកហូតមុខតំណែងដូចគ្នាផងដែរ។ ខណៈកន្លងទៅថ្មីៗនេះ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិនេះ ក៏ត្រូវបានដកតំណែងដែរក្រោយរងបណ្ដឹងគាបស៉ីលុយក្រុមហ៊ុនលក់ស្រា ចំនួន១០ម៉ឺនដុល្លារហើយលោកក៏ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកោះហៅឲ្យចូលទៅបំភ្លឺផងដែរ។ ដោយឡែក លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជាក៏ត្រូវបានដកហូតតំណែងពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋានវិញផងដែរ៕












































