ព័ត៌មានអន្តរជាតិ:អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា កិច្ចពិភាក្សារវាងប្រធានាធិបតីVladimir Putinនិងសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi នៅវិមានក្រឹមឡាំង មានរយៈពេលជាង៥ម៉ោង ហើយបានបញ្ចប់នៅមុនពាក់កណ្តាលអធ្រាត្រម៉ោងនៅទីក្រុងម៉ូស្គូ។យោងតាមRTនិងTassប្រធានាធិបតីអ៊ីរ៉ង់បានមកដល់ទីក្រុងម៉ូស្គូកាលពីម្សិលមិញ (ថ្ងៃទី៧ខែធ្នូ) ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ ប្រធានាធិបតីPutin បានប្រាប់មេដឹកនាំអ៊ីរ៉ង់ថាទីក្រុងម៉ូស្គូនិងតេអេរ៉ង់បានបង្កើតទំនាក់ទំនងរឹងមាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានពង្រឹងសេដ្ឋកិច្ចរៀងៗខ្លួនជាលទ្ធផល។
មេដឹកនាំទាំង២បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាប្រឈមជាសកលកាន់តែទូលំទូលាយ រួមទាំងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ លោកប្រធានាធិបតីPutin បាននិយាយថារុស្ស៊ី និងអ៊ីរ៉ង់បានកសាង “សន្ទុះល្អ”ក្នុងរយៈពេលមួយឆ្នាំកន្លងមកហើយបានចង្អុលបង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យថាមពលនិងការអប់រំ។ លោកPutin បាននិយាយថាពាណិជ្ជកម្មរវាងប្រទេសទាំង២បានកើនឡើង ២០% ក្នុងរយៈពេល១ឆ្នាំកន្លងមក ហើយឈានដល់៥ពាន់លានដុល្លារ។
ក្នុងអំឡុងកិច្ចពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់មេដឹកនាំរុស្ស៊ីបាននិយាយលេងសើចថាលោកបានពិចារណាធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់នៅថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីបានទៅប្រទេសអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួម (UAE)។ លោកប្រធានាធិបតីPutinបាននិយាយថានៅតាមផ្លូវទៅផ្ទះលោកបានហោះពីលើប្រទេសអ៊ីរ៉ង់ហើយគិតថាលោកអាចចុះចតនៅទីក្រុងតេអេរ៉ង់ ហើយជួបប្រធានាធិបតី Ebrahim Raisi នៅទីនេះ។ ទោះយ៉ាងណាក៏ដោយលោកបានទទួលការជូនដំណឹងថាប្រធានាធិបតីអ៊ីរ៉ង់កំពុងរៀបចំដំណើរទៅកាន់ទីក្រុងម៉ូស្គូ។ប្រធានាធិបតី Ebrahim Raisi បានឆ្លើយតបថា អ៊ីរ៉ង់ត្រៀមខ្លួនទទួលប្រធានាធិបតីPutin នៅពេលណាក៏បានហើយបានអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់។លើកចុងក្រោយដែលប្រធានាធិបតីPutinនិងសមភាគីអ៊ីរ៉ង់បានជួបគ្នាគឺនៅខែកញ្ញា ឆ្នាំ២០២២នៅទីក្រុង Samarkand ប្រទេស Uzbekistan នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ។
កិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីម្សិលមិញរវាងលោកPutinនិងលោក Raisiបានបញ្ចប់កិច្ចប្រជុំជាបន្តបន្ទាប់ដែលប្រធានាធិបតីរុស្ស៊ីបានធ្វើឡើងក្នុងរយៈពេល៤៨ម៉ោងកន្លងមកជាមួយមេដឹកនាំនិងមន្ត្រីនៃប្រទេសមជ្ឈិមបូព៌ា។ កាលពីថ្ងៃទី៦ ខែធ្នូ ប្រធានាធិបតីPutin បានទៅទីក្រុង Abu Dhabi និង Riyadh ដើម្បីជួបជាមួយប្រធានាធិបតី UAE និងព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត។ នៅព្រឹកព្រលឹមថ្ងៃទី៧ខែធ្នូ ព្រះអង្គបានជួបព្រះអង្គម្ចាស់ក្សត្រីនៃប្រទេស Oman នៅក្រៅវេទិកាវិនិយោគ VTB នៅទីក្រុងម៉ូស្គូ។
0
លោកPutinបានពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់រហូតដល់ជិតពាក់កណ្តាលអធ្រាត្រ
Filed in: ព័ត៌មានអន្តរជាតិ