តាកែវ : តាមសេចក្ដីរាយការណ៍ នាយរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោយផ្ទុះអាវុធនិងជាប់សង្ស័យកាងទំនិញគេចពន្ធចេញមកពីវៀតណាម ចូលមកកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ។
ប្រធានការិយាល័យសាខាគយនិងរដ្ឋាករខេត្តតាកែវ លោក ស៊ុន ឆាយ និងស្នងការនគរបាលខេត្តតាកែវ លោក ឈាង ផាន់ណារ៉ា pvhtv យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ នៅថ្ងៃទី៤ កក្កដានេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល ។
បើតាមប្រភពព័ត៌មាន ការចាប់ខ្លួននេះ បន្ទាប់ពីបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។
មន្ត្រីនគរបាលដែលចាប់ខ្លួនឈ្មោះ ណុប សំបូរ អាយុ៣១ឆ្នាំ ជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ មន្ត្រីនគរបាលរូប នេះជិះរថយន្ត ០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ០៥គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល។អង្គភាពយើងរងើចាំការបកស្រាយគ្រប់ពេលវេលា ស្របតាមច្បាប់របបសារព័ត៌មាន៕ដោយ÷(យាយពេញ)













































