
ភ្នំពេញ : គិតមកទល់នឹងពេលនេះមានរយៈពេល៤៤ឆ្នាំហើយ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលដែលរបបខ្មែរក្រហមដួលរលំ ប្រទេសកម្ពុជាបានដើរលើផ្លូវដ៏សែនលំបាក និងគ្រោះថ្នាក់បំផុត ប៉ុន្តែវាជាផ្លូវដ៏ត្រឹមត្រូវ ដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង និងប្រកបដោយវិបុលភាពសម្រាប់មាតុភូមិកម្ពុជា។ ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ បានកាន់ចង្កូតនាវាកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញ និងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ភាពជោគជ័យនៃមហាសន្និបាត AIPA លើកទី៤៣ ដែលបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងរក្សាបាននូវមជ្ឈភាពអាស៊ានក៏ដូចជាលើកកំពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ក៏ដូចជានៅលើពិភពលោក ការទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក៏ដូចជារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព ភាពរុងរឿង និងស្ថិរភាព បើទោះបីជាបច្ចុប្បន្ន ស្ថានភាពពិភពលោក និងតំបន់កំពុងតែមានភាពប្រែប្រួលយ៉ាងខ្លាំង និងប្រកបដោយភាពស្មុគស្មាញក៏ដោយ ហើយជាពិសេសផលប៉ះពាល់នៃវិបត្តិដោយសារជំងឺកូវីដ-១៩ ជម្លោះ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗក្នុងពិភពលោក សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅឧបទ្វីបកូរ៉េ និងវិបត្តិនៅមីយ៉ាន់ម៉ាក៏ដោយ។៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជម្នះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹត និងបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ អនុម័តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ របបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយព្រះរាជាណាចក្រទីពីរត្រូវបានបង្កើតឡើងវិញ និងជាការឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រជាប្រិយភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ៕ដោយ៖( សម្រស់ភ្នំពេញ).











































