ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានសម្រេចទម្លាយពីមូលហេតុដែលលោកជំទាវកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជានិងជាភរិយាអមដំណើរជាមួយលោកត្រូវអវត្តមានក្នុងពិធីនានាកន្លងមក ។ជាពិសេសព្រមទាំងអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។ការទម្លាយពីមូលហេតុអវត្តមាននេះត្រូវបានសម្តេចតេជោ បង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេច ពីម្សិលមិញ ដោយនិយាយថាមូលហេតុដែលភរិយារបស់លោកមិនអាចចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាង គឺដោយសារតែលោកជំទាវ ប៊ុន រ៉ានី មានបញ្ហាសុខភាព។
កាលដែលលោកជំទាវ ប៊ុន រ៉ានី មានបញ្ហាសុខភាពគឺចំពេលដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th &41st)ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមក និងការប្រជុំអាស៊ាននាពេលខាងមុខ ដោយសារតែភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន»។លោកបន្តថា៖ «ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល»។ទោះជាយ៉ាងណា សម្តេចតេជោ នាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា ភរិយារបស់លោកកំពុងសម្រាកព្យាបាលសុខភាពនៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។ ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននិយាយពីម្សិលមិញថា លោកមិនបានដឹងថាភរិយារបស់សម្តេចនាយករដ្ឋមន្ត្រីមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងទេ ព្រោះរឿងដែលលោកទទួលបន្ទុកដែលអាចដឹង គឺនៅពេលដែលសម្តេចនាយករដ្ឋមន្ត្រីជួបប្រជុំជាមួយថ្នាក់ដឹកនាំផ្សេងតែប៉ុណ្ណោះ។
លោកបាននិយាយថា៖ «ខ្ញុំសុំទោស! ខ្ញុំមិននបានដឹងពីបញ្ហានេះទេ ព្រោះខ្ញុំទទួលបន្ទុកលើរឿងដែលសម្ដេចតេជោលោកជួបជាមួយភ្ញៀវទើបខ្ញុំដឹង ប៉ុន្តែចំពោះករណីនេះខ្ញុំអត់ដឹងទេបាទ»។ចំណែកលោកស្រី ម៉ែន នារីសុភ័ក្ត្រ អ្នកនាំពាក្យកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ប្រធានកាកបាទក្រហមម្ពុជា ដែលជាភរិយារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានបញ្ហាសុខភាពដែលទាក់ទងដល់ឆ្អឹងខ្នង ហើយកំពុងសម្រាកព្យាបាលជំងឺនៅក្នុងផ្ទះ ដោយអាចធ្វើការបាន ប៉ុន្តែមិនអាចអង្គុយយូរបានទេ។លោកស្រីនិយាយថា៖ «នេះគ្រាន់តែបញ្ហាសុខភាពធម្មតា ដែលលោកមិនអាចអង្គុយយូរបានដោយសារពាក់ព័ន្ធនឹងឆ្នងខ្នង ហើយគ្រូពេទ្យតម្រូវឲ្យសម្រាកព្យាបាលនៅផ្ទះរយៈពេលបីខែ។ ចំណែកការពិនិត្យឯកសារផ្សេងៗលោកអាចធ្វើបានក្នុងរយៈពេលខ្លី ប៉ុន្តែអមដំណើរជាមួយសម្ដេចដើម្បីទទួលភ្ញៀវ គឺមិនទាន់ទទួលកម្មវិធីបានទេ។ មិនមែនមានន័យថា [ឈឺធ្ងន់] ងើបពីកន្ទេលមិនរួចនោះទេ»៕ដោយ៖( យាយពេញ).










































