
ភ្នំពេញ៖ អ្នកសារព័ត៌មានប្រមាណជា ១៧០០នាក់ ទាំងអ្នកសារពត៌មានជាតិនិងបរទេស បានចុះឈ្មោះសម្រាប់ការយកពត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាជាប្រធាន នេះជាការលើកឡើងរបស់ ឯកឧត្តម ផុស សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន ។ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មាន ស្តីពី ការត្រៀមយកព័ត៌មានស្តីពី កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពូលពាក់ព័ន្ធ ដែលកម្មវិធីនេះរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ពុយ គា អ្នកសារព័ត៌មានជំនាញអាស៊ាន និងជាប្រធានអ្នកឆ្លងឆ្លើយព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានដែលអញ្ជើញមកពីតាមស្ថាប័ននិងអង្គភាពនីមួយៗជាច្រើនរូបទៀត។ឯកឧត្តម ផុស សុវណ្ណ បញ្ជាក់ថា អ្នកសារព័ត៌មានប្រមាណជា ១៧០០នាក់ ទាំងអ្នកសារពត៌មានជាតិនិងបរទេស បានចុះឈ្មោះសម្រាប់ការយកពត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិមានចំនួនប្រមាណ ៩០០ នាក់ ហើយការចុះឈ្មោះត្រូវបានបិទបញ្ចប់រួចរាល់នៅថ្ងៃទី ៣១ ខែតុលា កន្លងទៅ ។ បើប្រៀបធៀបទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៣១ ខែកក្ដដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ មានអ្នកសារព័ត៌មានចំនួនជាង ៦០០ នាក់ ដោយក្នុងនោះអ្នកសារព័ត៌មានបរទេសមានចំនួនជាង ២៥០ នាក់។
ឯកឧត្តមបន្តថា ក្រសួងព័ត៌មាន បានសហការរៀបចំជាមណ្ឌលព័ត៌មាន (Media Center) មួយសម្រាប់អ្នកសារព័ត៌មាន ដែលមណ្ឌលនេះបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មានដើម្បីទទួលបាននូវរូបភាព និងវីដេអូមួយចំនួន ក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងៗព្រមទាំងការរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំជាដើម។សូមបញ្ជាក់ជូនថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ នឹងប្រារព្ធធ្វើរយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ។ព្រឹត្តិការណ៍ថ្នាក់កំពូលនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧៕ដោយ៖(យាយពេញ)










































