ភ្នំពេញៈនៅព្រឹកថ្ងៃអង្គារនេះ ប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ួនហ្វុក បានចាប់ផ្តើមបើកកិច្ចពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជាគឺថ្ងៃទី២១និងទី២២ ខែធ្នូនេះ។ ក្រៅពីបង្ហាញការគាំទ្រកម្ពុជានៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ ប្រមុខរដ្ឋាភិបាលទាំង២ក៏ធ្វើជាអធិបតីផងដែរ នៃការចុះហត្ថលេខាលើឯកសារចំនួន៧ដែលបានរៀបចំឡើងនៅវិមានសន្តិភានៃប្រទេសកម្ពុជា។ឯកសារសំខាន់ៗចំនួន៧ដែលត្រូវចុះហត្ថលេខាដោយមន្ត្រីជាន់ខ្ពស់កម្ពុជា-វៀតណាមនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ួនហ្វុក នាពេលនេះរួមមាន ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២រវាងក្រសួងការពារជាតិកម្ពុជានិងក្រសួងការពារជាតិវៀតណាម។ កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ក្រៅពីនេះ ក៏មានការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។ អនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។ អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសកម្ពុជានិងវៀតណាមស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជានិងក្រសួងយុត្តិធម៌វៀតណាម។លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបរវាងសម្តេចហ៊ុនសែននិងលោកង្វៀនស៊ួនហ្វុកថាក្រៅពីសម្តែងការសាទរចំពោះទំនាក់ទំនងនិងសហប្រតិបត្តិការគ្នាលើគ្រប់វិស័យកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពភាគីកម្ពុជាក៏បានអរគុណវៀតណាមដែលបានគាំទ្រដល់កិច្ចប្រជុំអាស៊ី-អឺរ៉ុប កន្លងមកប្រកបដោយជោគជ័យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមលោកអ៊ាងសុផល្លែតសម្តេចហ៊ុនសែនក៏បានអរគុណលោកង្វៀនស៊ួនហ្វុកផងដែរ។ដែលនឹងបន្តគាំទ្រកម្ពុជាឲ្យបានជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២៕ដោយ៖(យាយពេញ).











































