សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថាបើគ្មានសារព័ត៌មានមួយសេរីឯករាជ្យគឺមិនអាចមានសង្គមប្រជាធិបតេយ្យបានទេ

ភ្នំពេញ​៖ឯកឧត្ដមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថានៅក្នុងសង្គម​ប្រជាធិប​តេយ្យ សារព័ត៌មានដើរតួនាទីសំខាន់ណាស់បើគ្មានសារព័ត៌មានមួយសេរី ឯករាជ្យ គឺមិន​អាចមានសង្គមប្រជាធិបតេយ្យបានទេ។ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាស​អញ្ជើញចូលរួមបើកសិក្ខាសាលាស្ដីពី “ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន​ក្នុងក្រប​ខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា” នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា សិទ្ធិសារព័ត៌មានត្រូវបាន​ប្រគល់​ជូនប្រជាជនកម្ពុជាគ្រប់រូប ព្រោះនាពេលកន្លងមក មានការច្រឡំថា ច្បាប់ស្តីពីរបបសារព័ត៌​មាន​គឺជាច្បាប់សម្រាប់អ្នកកាសែត ប៉ុន្តែមិនមែននោះទេ ច្បាប់នោះគឺសម្រាប់គ្រប់គ្នា។ ​ឯកឧត្ដម​បានគូសបញ្ជាក់ថា អ្នកណាក៏អាចធ្វើកាសែតបានដែរ ព្រោះវិជ្ជាជីវៈសារព័ត៌​មានគឺជាវិជ្ជាជីវ:សេរី ឥតកំណត់លក្ខខណ្ឌ សញ្ញាបត្រឡើយ ប៉ុន្តែត្រូវតែមានក្រឹត្យក្រមដែល​ត្រូវអនុវត្តន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកសិក្ខាសាលា​នាថ្ងៃនេះជាថ្ងៃ​ប្រវត្តិសាស្ត្រដែលអ្នកកាសែត អាជ្ញាធរ និងក្រសួងយុត្តិធម៌ ឈ្វេងយល់ពីគ្នា និងដឹងអំពីផ្លូវ​ដែលត្រូវដើរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង​អំពីការយកចិត្តទុកដាក់របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ក្នុងការធានាឱ្យសារព័ត៌​មានកម្ពុជា​មានសេរីភាព មានវិជ្ជាជីវៈ និងបម្រើការងារ ឱ្យសង្គមពិតប្រាកដ។សូមជម្រាបជូនថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន ក្នុង​គោល​បំណងឱ្យសិក្ខាកាមទាំងអស់យល់ដឹងកាន់តែច្បាស់ថា អ្វីទៅជាការអនុវត្តវិជ្ជាជីវៈ​សារ​ព័ត៌មានពិតប្រាកដ និងចង់បង្ហាញបញ្ជាក់អំពីកម្រិតសេរីភាពសារព័ត៌មានដែលពាក់ព័ន្ធជា​មួយ​ក្របខ័ណ្ឌច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត សិក្ខាសាលានេះ​មាន​លក្ខណៈប្រវត្តិសាស្រ្តមួយដែលមានការពន្យល់ច្បាស់លាស់អំពីរបៀបរបបធ្វើការ និងការ​អនុវត្ត​វិជ្ជាជីវ:សារព័ត៌មានដែលត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ ដែលស្របតាមច្បាប់​ពាក់​ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖(​យាយពេញ).

00uik

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment