ភ្នំពេញ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសជាប្ដីបានចាក់សម្លាប់ប្រពន្ធរបស់ខ្លួនរួចក៏ចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់បន្សល់ទុកកូនប្រុសស្រីបួននាក់ឲ្យនៅកំព្រា។មូលហេតុបឋមនៃឃាតកម្មនេះបានបង្កឡើងដោយក្តីប្រចណ្ឌ។ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកញ្ញា ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ជនដៃដល់ជាប្ដីឈ្មោះ ឡោ សុភារី អាយុ៦០ឆ្នាំ មុខរបរយោធិនពិការ ស្នាក់នៅផ្ទះជួលខាងលើ។ចំណែកប្រពន្ធឈ្មោះអាំង ស៊ីគូ អាយុ៥២ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ (អ្នកទាំងពីរស្លាប់នៅកន្លែងកើតហេតុ ) ។តាមសម្ដីកូនស្រីបង្កើតរបស់ជនរងគ្រោះទាំងពីរបានរៀបរាប់ឱ្យដឹងថាមុនពេលកើតហេតុឪពុករបស់គាត់តែងតែចោទម្ដាយរបស់គាត់ថាមានប្រុសថ្មី។ម្ដងចោទដាក់អ្នកនេះ ។ម្ដងចោទដាក់អ្នកនោះ។គឺមិនមានភស្ដុតាងអ្វីច្បាស់លាស់នោះទេ ហើយឪពុកម្តាយគាត់បានឈ្លោះប្រកែកគ្នារយៈពេលបីថ្ងៃមកហើយដោយសារតែការប្រចណ្ឌ។លុះមកដល់យប់កើតហេតុពួកគាត់ជាកូនៗបានឮសំឡេងខ្លាំងឱ្យភ្ញាក់ពីដំណេកដឹងខ្លួនឡើងឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរុំខ្លួនឆក់ សម្លាប់។ពេលឃើញដូច្នេះពួកគាត់ជាកូនៗចង់ចូលទៅជួយដែរតែដោយបន្ទប់ជាប់សោរព្រមទាំងឮឪពុកស្រែកព្រមានថាបើកូនណាហ៊ានជួយគាត់នឹងសម្លាប់ឱ្យអស់រួចហើយឪពុកក៏បានធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ខ្លាំងណាស់។ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២បានចុះមកដល់ផ្ទះកើតហេតុហើយបានយកខ្សែចងព័ទ្ធទីតាំងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញព្រមទាំងលោកគ្រូពេទ្យដើម្បីមកធ្វើសំណាក។ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅអវិជ្ជមានក៏ប្រគល់សពទៅសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យបន្តនិងធ្វើឯកសារប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕











































