ភ្នំពេញៈថ្លែងតាមប្រព័ន្ធវីដេអូសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះកម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់។នេះគឺជាការក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ថ្ងៃទី២៥ខែកញ្ញាម្ស៉ិលមិញ។បញ្ហាប្រឈមនៅក្នុងតំបន់អាស៊ានដែលត្រូវបានអ្នកជំនាញទំនាក់ទំនងអន្តរជាតិមើលឃើញថាជាវិបត្តកូវីដ១៩បញ្ហាសមុទ្រចិនខាងត្បូងនិងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាដើម។សម្តេចហ៊ុនសែនបានប្រាប់អង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ថាតាមរយៈសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាននិងការគាំទ្រពីដៃគូរខាងក្រៅកម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាននិងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារសំខាន់សម្រាប់ពាណិជ្ជកម្មការវិនិយោគនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក។សម្តេចហ៊ុន សែន ក៏បានលើកឡើងដែរពីការរាតត្បាតជំងឺកូវីដ១៩និងការកើនឡើងនៃមេរោគបំប្លែងថ្មីៗ ដែលជាបញ្ហាប្រឈមសម្រាប់ប្រវត្តិសាស្ត្រសម័យទំនើប។បើតាមសម្តេចហ៊ុនសែនពិភពលោកនៅតែត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើនផ្សេងទៀតដូចជាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ។បើតាមសម្តេចកម្ពុជានឹងបន្តជំរុញកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និងសុខដុម ជាមួយនឹងការការពារដល់ពលករចំណាកស្រុក របៀបវារៈការអភិវឌ្ឍ ដែលមានភាពបៃតង និងបរិយាប័ន្ន ការធ្វើបរិវត្តកម្មឌីជីថលការអភិវឌ្ឍសិប្បកម្ម និង សហគ្រាសធុនតូច និង មធ្យម៕ដោយ៖(យាយពេញ).











































