សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចពាក់ស៊ីវិលបំពានលើសិទ្ឋិសេរីភាពរបស់អ្នកសារព័ត៌ ខណៈអ្នកសារព័ត៌មានកំពុងតែបំពេញភារកិច្ចនឹងមានលិខិតត្រឹមត្រូវស្របច្បាប់

ភ្នំពេញ​៖​ហាក់បីដូចជាធ្វើលើសពីតួនាទីដែលមន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​នាំខ្លួន​អ្នកកាសែត​ម្នា​ក់នៅ​ស្ថាប័ន(​TNBTV NewsBrand​)ទៅពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន​ខណៈ​អ្នកកាសែត​រូបនេះ​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់ខ្លួន​តាម​ដងផ្លូវ​សាធារណៈ​។​ប៉ុន្តែ​ក្រោយ​ការពិនិត្យ​រក​មិនឃើញ​នគរបាល​បានធ្វើ​កំណត់ហេតុ​រួច​អនុញ្ញាត​ឱ្យ​អ្នកកាសែត​រូបនេះ​ត្រឡប់មកវិញ​។​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​១១​ខែធ្នូ​នៅ​ចំណុច​​ផ្លូវបំបែក​ជា​៤​តូប​B19​ម្ដុំ​ផ្សារ​តូច​ផ្លូវ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។ លោក​  ជួន ប៊ុនរឿន​នាយកសារព័ត៌មាន TNBបានថ្លែងប្រាប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩នេះថា៖​ភ្នាក់ងាររបស់លោកគឺឈ្មោះ តាត​ចាន់ រុន​ ​បាន​ជិះ​ម៉ូតូ​ទៅយក​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរ​។​ប៉ុន្តែ​​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ក៏​ប្រទះឃើញ​មាន​ការប្រតាយប្រតប់គ្នា​រវាង​នគរបាល​ស្លៀកពាក់​ស៊ីវិល​មួយក្រុម​ជាមួយ​យុវជន​៣​នាក់​។​ខណៈនោះ​ភ្នាក់ងារ​របស់លោក​បាន​ឈប់​ម៉ូតូ​ទាញ​ទូរស័ព្ទ​ថត​រូប​ភាព​ក៏​ស្រាប់តែ​នគរបាល​មួយក្រុម​នេះ​បាន​ហាមឃាត់​បើ​ទោះ​​​​បីជា​ភ្នាក់ងារ​របស់លោក​បាន​បង្ហាញ​កាត​អ្នកសារ​ព័ត៌មាន​យ៉ាងណាក៏ដោយ ។​

លោក ​ជួន ​ប៊ុន​រឿន ​បន្តទៀតថា៖​ក្រោយមក​ប៉ូលីស​បាន​នាំខ្លួន​ភ្នាក់ងារ​របស់លោក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀនតែ​ការពិនិត្យ​២​ដង រក​មិនឃើញ​នោះទេ ទើប​នគរបាល​ធ្វើ​កំណត់ហេតុ អនុញ្ញាតឱ្យ​ត្រឡប់មកវិញ ។​

លោក នាយកសារព័ត៌មានយល់ឃើញថា នេះ​ជាការ​រំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ការបំពេញ​វិជ្ជាជីវៈ និង ស្នើឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​ករណីនេះ​ឡើងវិញ​ផង ។​បញ្ហា​នគរបាល​ស្លៀកពាក់​ស៊ីវិល ចាប់ខ្លួន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ បង្ក​ការភ្ញាក់ផ្អើល​និង​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​កន្លងមក​នគរ​បាល​ក៏បាន​ចេញមុខ​បំភ្លឺ​ផងដែរ ។ទន្ទឹមនេះ​លោក ​ប៉ែន ​បូ​ណា​ប្រ​ធាន​​ក្លិប​អ្នកកាសែត​កម្ពុជា​បានឱ្យដឹង​ថាបើ​អ្នកកាសែត​បាន​បង្ហាញ​​ប័ណ្ណ​អ្នកសារព័ត៌មាន​ត្រឹមត្រូវ​ហើយ​គប្បី​សមត្ថ​កិច្ច​គោរព​​​នូវ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​មិនអាច​ធ្វើការ​បំពាន​យ៉ាង​ដូច្នេះ​ទេ​។​ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​លើកស្ទួយ​និង​គាំទ្រ​ខ្លាំង​ណាស់​ចំពោះ​សេរីភាព​សារព័ត៌មាន ។

​លោក​បានបន្តទៀតថា៖​សមត្ថកិច្ច​គួរ​បង្ហាញ​តួនាទី​ឱ្យបាន​ច្បាស់​លាស់​កុំឱ្យ​មានការ​យល់ច្រឡំ​ខណៈ​បើសិន​អ្នក​សារព័ត៌​មាន​កំពុង​បំពេញ​តួនាទី​ហើយ​មិនត្រូវ​បំពាន​សិទ្ធិ​អ្នកសារព័ត៌​មាន​នោះទេ​។​ជាមួយគ្នានេះ​លោក​ប៉ែន​ ​បូ​ណា​បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ផងដែរ​ត្រូវគោរព​វិជ្ជាជីវៈ​របស់ខ្លួន ខណៈ​សមត្ថកិច្ច​ក៏ត្រូវ​គោរព​តួនាទី​របស់ខ្លួន និង មិនត្រូវ​បំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​ឡើយ​ ៕ដោយ៖ ( យាយពេញ).

13

111

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment