ខេត្តព្រះវិហារ៖ ក្រុមហ៊ុនសំអឿន សុវណ្ណបាន កំពុងតែអនុវត្តន៍ ផ្ទុយពី ច្បាប់ ដែល រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានដែលបានសម្រេចចេញអាជ្ញាប័ណ្ណស្របច្បាប់អោយក្រុមហ៊ុន សំអឿន សុវណ្ណ ខណៈពេលដែលក្រុមហ៊ុនលោកទទួលបានអាជ្ញាប័ណ្ណពីក្រសួង-មន្ទីរពាក់ព័ន្ធស្របច្បាប់បែរជាប្រមូលទិញឈើខុសច្បាប់ ពីដែនជម្រកសត្វព្រៃព្រះរកានិងដែនជម្រកសត្វព្រៃឡង់ ព្រៃសហគមន៍ អូរតាឡាស់ និង ព្រៃសហគមន៍សាមគ្គីសង្កែពីរ និងព្រៃសហគមន៍ជាច្រើនទៀត។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានប្រាប់ថាក្រុមហ៊ុន សំអឿន សុវណ្ណ គឺបានកំពុងតែបំផ្លិចបំផ្លាញព្រៃឈើធំៗ ក្នុងតំបន់ព្រៃការពារធម្មជាតិទាំងនោះស្ទើរនិងរលាយទាំងស្រុង ដោយប្រើរូបភាពក្រុមហ៊ុនស្របច្បាប់តែមិនអនុវត្តន៍តាមច្បាប់ ក្រុមហ៊ុនរបស់លោក នាយកក្រុមហ៊ុន បានទទួលប្រមូលទិញឈើខុសច្បាប់ជាច្រើនកន្លែងមានទាំងប្រភេទឈើគ្រឿងនិងឈើឃ្លុម ជាដើម។ នេះបើយោងតាមប្រភពដដែលបានអោយដឹងបន្តទៀតថា ក្រុមហ៊ុន សំអឿន សុវណ្ណ បានបើកទីតាំងប្រមូលទិញ ឈើពីអ្នកភូមិព្រៃសហគមន៍និងដែនជម្រកសត្វព្រៃព្រះរកានិងព្រៃឡង់ ដោយយកលេសថា ប្រមូល ឈើក្នុងដីសម្បទានសេដ្ឋកិច្ច ដែលមានលិខិតអនុញ្ញាតស្របច្បាប់ ពីក្រសួង-មន្ទីរពាក់ព័ន្ធ តែធាតុពិតក្រុមហ៊ុននេះ មិនបានអនុវត្តន៍តាមច្បាប់ឡើយ ហើយថែមទាំងបើកទីតាំងជាច្រើនកន្លែងដើម្បីប្រមូលទិញឈើខុសច្បាប់ពីគ្រប់តំបន់។ទីតាំងប្រមូលទិញឈើរបស់ក្រុមហ៊ុន សំអឿន សុវណ្ណ ប្រភេទឈើគ្រឿងគឺមានពីរទីតាំងនិងឈើឃ្លុមមានមួយទីតាំង: ទីតាំងប្រមូលទិញប្រភេទឈើគ្រឿង។ទីតាំងទី១៖ នៅចំនុចអូតាឡាស់ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលឈើទាំងនោះកាប់ដឹកយកចេញពីព្រៃសហគនមន៍អូរតាឡាត់ភាគច្រើនជាប្រភេទឈើគ្រឿង។ ទីតាំង២៖នៅចំនុចភូមិឆ្មា ឃុំឆ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលឈើទាំងនោះកាប់ដឹកយកចេញពីដែនជម្រកសត្វព្រៃសហគមន៍ព្រៃឡង់ភាគច្រើនជាប្រភេទឈើគ្រឿង។ទីតាំងប្រមូលទិញប្រភេទឈើឃ្លុម ទីតាំងប្រមូលទិញឈើឃ្លុម ស្ថិតនៅចំណុចជិតសាលារៀនមានចម្ងាយប្រមាណជា៤គីឡូម៉ែត្រពីផ្លូវបំបែកឆែប ស្ថិតនៅខាងឆ្វេងដៃ ភូមិម្លូរ ឃុំម្លូរ ស្រុក ឆែប ខេត្ត ព្រះវិហារ។ ពិសេស ឈើដែលយកចេញ ពីដែនជម្រកសត្វព្រៃព្រះរកាក្នុងស្រុក ឆែប ស្រុក ត្បែងមានជ័យ និង ស្រុក ជ័យសែន ខេត្ត ព្រះវិហារ និង មានឈើខ្លះដឹកចេញពីព្រៃឡង់ ផងដែរ។





តាមប្រភពដដែលបានបញ្ជាក់ថែមទៀតថា ទីតាំងនីមួយៗគឺ លោក អ៊ឹម សំអឿន បានដាក់កម្លាំងសន្តិសុខយាមកាមយ៉ាងប្រុងប្រយ័ត្នបំផុតជាពិសេសគឺស្ថាប័នព័ត៌មានតែម្តងគឺហាមផ្តាច់មិនអោយទៅដល់ទីតាំងនោះបានទេ។ប្រសិនជាចង់ទៅដល់លុះត្រាតែក្លែងជាប្រជាពលរដ្ឋដោយជិះម៉ូតូទើបអាចចូលបាន។ករណីក្រុមសន្តិសុខដឹងគឺនិងរាយការណ៍ភ្លាមៗ ដល់លោក អ៊ឹម សំអឿន ដើម្បីមានវិធានការទប់ស្កាត់មិនអោយបែកធ្លាយព័ត៌មានឡើយ។គួរបញ្ជាក់ផងដែរថា ក្រុមអ្នកភូមិជាច្រើនបាននិងកំពុងនាំគ្នាសម្រុកចូលកាប់ឈើក្នុងព្រៃសហគមន៍ដែលនៅសេសសល់ចុងក្រោយចំនួន២ភូមិទៀត នៅក្នុងស្រុក ឆែប ខេត្ត ព្រះវិហារលុះដល់ម៉ោង០៨:៣០នាទីយប់ទើបយករថយន្តសាំងយ៉ុងនិងរថយន្តច្នៃប៉ាកុងដឹកចេញពីភូមិ ចូលក្រុមហ៊ុនដើម្បីចម្រាញ់ឈើមានទាំងប្រភេទឈើគ្រឿងនិងឈើឃ្លុមបន្ទាប់មកទើបលើកដាក់រថយន្តយីឌុកនាំចេញទៅ លក់ក្នុងស្រុកនិងឆ្លងដែនទៅលក់នៅប្រទេសយួនដោយក្នុងមួយយប់ៗមិនតិចជាង១០យីឌុកនោះទេ ក្រោមរូបភាពក្រុមហ៊ុនស្របច្បាប់ ។សូមបញ្ជាក់ថា ក្រុមហ៊ុន សំអឿន សុវណ្ណ ទទួលសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចលើផ្ទៃដីជាង ៤ពាន់ហិកតា (៤.៣៣៤.៦១) ឋិតក្នុងស្រុក ឆែប និងស្រុក ជ័យសែន ខេត្ត ព្រះវិហារ តាំងពីឆ្នាំ ២០១៥ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ សហការសិក្សាពីផ្ទៃដីដែលអាចប្រមូលផលបាន ក៏ប៉ុន្តែក្រុមហ៊ុននេះបានប្រមូលទិញឈើ ពីព្រៃព្រះរកា និងព្រៃនៅតំបន់ផ្សេងទៀតជាយូរមកហើយ។ ចំណែកអាជ្ញាធរនិងមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានគឺកំពុងតែប្រើរូបភាពកន្ទេលធំបន្លំដេក ដោយឃុបឃិតគ្នាជាប្រព័ន្ធរបៀបពុករលួយ ដើម្បីទទួលលាភសក្ការះពីលោក អ៊ឹម សំអឿន ដែលជាប្រធានក្រុមហ៊ុន សំអឿន សុវណ្ណ។ តាមសម្តីពីប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ប្រសិនបើប្រមុខថ្នាក់ដឹកនាំមិនចាត់វិធានការណ៍អោយបានទាន់ពេលវេលានោះទេ ទាំងដែនជម្រកសត្វព្រៃព្រះរកានិង ព្រៃឡង់ ព្រមទាំងព្រៃសហគមន៍មួយចំនួនទៀតនិងប្រឈមនិងការវិនាសអន្តរាយរយះពេលដ៏ខ្លីនេះជាក់ជាមិនខានឡើយ។
កន្លងមកសម្តេចតេជោ ហ៊ុន សែនបានបង្កើតគណៈកម្មការថា្នក់ជាតិដើម្បីទប់ស្តាត់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសបទល្មើសព្រៃឈើ ដែលមានលោកសៅសុខា ជាប្រធានសំរាប់ទប់ស្កាត់។ ប៉ុន្តែកន្លងមកគណៈកម្មការបានបង្រ្កាបបានយ៉ាងល្អប្រសើរនៅផ្នែកភូមិភាគឦសាន្ត តែសំរាប់ ក្រុមហ៊ុន សំអឿន សុវណ្ណនៅមិនទាន់បើកការស៊ើបអង្កេតនៅឡើយទេ ដូច្នេះធ្វើឲ្យក្រុមហ៊ុនមួយនេះអួតក្អេងក្អាងថាគ្មានអ្នកណាហ៊ានចុះមកត្រួតពិនិត្យ ក្រុមហ៊ុនរបស់ខ្លួនឡើយ នេះបើយោងតាមប្រភពពីក្រុមអ្នកយាមកាមរបស់ក្រុមហ៊ុន សំអឿនសុវណ្ណ ដោយ អះអាងថាក្រុមហ៊ុន របស់ខ្លួនមានច្បាប់ត្រឹមត្រូវ។ចំណែកឯ លោក អ៊ុន ចិន្តាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារមិនទាន់សុំការពន្យល់បាននៅឡើយទេ មូលហេតុកំពុងតែស្វែងរកលេខទូរស័ព្ទរបស់លោក។អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក នាយកក្រុមហ៊ុន បាននៅឡើយទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។អង្គភាពយើងខ្ញុំ និងរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។(នៅមានបន្ត)(ព័ត៌មានបឋម)
















































