រតនគិរី៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មេឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះ (នី កាចាញ) ចំណាយរាប់ពាន់ម៉ឺនដុល្លា ដើម្បីសុំផ្លូវរកស៊ី ដឹកជញ្ជូនបទល្មើសប្រភពបានបន្តឲ្យដឹងថា មេឈ្មួញរូបនេះកំពុងបន្ត នាំយកគ្រឿងចក្រនិងគៀងគរបក្ខពួកចូលទៅក្នុងតំបន់ព្រៃសហគមន៍ ពីរកន្លែងស្ថិតនៅស្រុក អណ្ដូងមាសខេត្តរតនគិរីដើម្បីប្រមូលយកឈើទៅលក់ឲ្យឈ្មួញវៀតណាម យ៉ាងគគ្រឹកគគ្រេងគេមិនទាន់ឃើញអាជ្ញារធរខេត្ត និងស្ថាប័នមួយចំនួនទៀតចេញមុខទៅបង្រ្កាបជំនួញបទល្មើសឈើខុសច្បាប់នៅឡើយទេ។ប្រភពក្រុមស្នឹទនឹងមេឈ្មួញដ៏ល្បីឈ្មោះរូបនេះបាននិយាយថា៖ កាន់តែធ្វើឲ្យមហាជន កាន់តែជឿជាក់ថាមានបែកធ្លាយរឿងយកលុយទៅបិទមាត់លោក ថង សាវុន អភិបាលខេត្ត រតនគិរីដើម្បីដឹកជញ្ជូនឈើខុសច្បាប់។ប្រភពពីអ្នកការពារព្រៃឈើ បានបន្តឲ្យដឹងយ៉ាងច្បាស់ថាសកម្មភាពកាប់ឈើដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរ ភូមិ បាដល ឃុំ ញ៉ាង ស្រុក អណ្តូងមាស ខេត្តរតនគិរីកន្លងមកមេខ្លោងឈ្មួញឈើដ៏ល្បីឈ្មោះរូបនេះ ជាអតីតមេភូមិ ឈ្មោះ( នី កាចាញ ) ធ្លាប់ប្រមែលប្រមូលកម្មករឲ្យកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំ សេសាន ស្រុក អូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំងញ៉ាង ស្រុក អណ្តូងមាសដោយអូសឈើហ៊ុបមូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងចូលទៅក្នុងទឹកដីវៀតណាម ដូចហែកឋិន ប៉ុន្តែគ្មានមន្ត្រី ណាម្នាក់ ហ៊ានក្អកជាមួយមេឈ្មួញឈ្មោះ (នីកាចាញ) នេះឡើយ។ប្រភពច្បាស់ការបានឲ្យដឹងថា កន្លងមកឈ្មួញឈើខុសច្បាប់ឈ្មោះ( នីកាចាញ) បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ក្រុងបាលុង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ប៉ុន្តែសព្វថ្ងៃឈ្មួញរូបនេះបានប្តូររូបភាពដឹកជញ្ជូនឈើប្រណីតដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវដោយមានការឃុបឃិតពីសមត្ថិកិច្ច និងអាជ្ញាធរខេត្តរតនគិរី។ដោយសារមិនមានវិធានការផ្លូវច្បាប់ឲ្យបានតឹងតែងចំពោះសកម្មភាពកាប់បំផ្លាញ និង ដឹកជញ្ជូនផល អនុផលព្រៃឈើនៅក្នុងខេត្តរតនគិរី ទើបក្រុមឈ្មួញឈើទុច្ចរិតនាំមុខដោយឈ្មោះ (នី កាចាញ) នៅតែបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនសហគមន៍មានទីតាំងស្ថិតនៅក្នុងស្រុកអណ្ដូងមាសរួចដឹកជញ្ជូនឈើហ៊ុបមូលទាំងនេះឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាមដោយមិនញញើតច្បាប់ឡើយ។ពាក់ព័ន្ធ និងការកាប់ និងដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ (នី កាចាញ ) នេះបានដោយសារមានការឃុបឃិតគ្នាជាលក្ខណៈជាប្រព័ន្ធ។ទោះបីជា សម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងយកចិត្តទុកដាក់ និងបញ្ជាឲ្យលោក សៅ សុខា យកចិត្តទុកដាក់ចាត់កំលាំងក្រោមឱវាទដើម្បីការពារព្រៃឈើយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថាបទល្មើសព្រៃឈើនៅតែមានដំណើរយ៉ាងគគ្រឹកគគ្រេងក្នុងទឹកដីខេត្តរតនគិរី ហាក់បីដូចជាមិនខ្លាចឡើយ។មហាជនលើកឡើងថា បើលោក សៅ សុខា មិនធ្វើការស៊ើបអង្កេត និង ចាត់ការទៅលើក្រុមឈ្មួញឈើ និងសមត្ថកិច្ចមួយចំនួនដែលឃុបឃិតគ្នាទេនោះ ព្រៃឈើក្នុងខេត្តរតនគិរីប្រាកដជាវិនាសហិនហោចអស់ជាមិនខាន ។
ពាក់ព័ន្ធទៅនិងការចោទប្រកាន់ និងរិះគន់ដូចខាងលើអង្គភាព យើង មិនអាចសុំការបំភ្លឺពីលោក (នី កាចាញ) ផងដែររកការបំភ្លឺមិនបាននោះទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកលើក។
ប៉ុន្តែ លោក ថាវ យ៉េន មេបញ្ជាកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រាប់ (pvhtv) យើងតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២១០៩ ថាមិនមានបទល្មើសធំៗកើតឡើតទេ តែលោកបានបន្តទៀតថា បើដឹកតាមម៉ូតូលក្ខណៈគ្រួសារមានមិនអត់ទេ ហើយលោក មេបញ្ជាបានបន្តទៀតថា សព្វថ្ងៃនេះរូបមិនដែលធ្វេសប្រហេសទេ ឲ្យតែកាសែតចុះឬផ្សាយគឺលោកចុះទៅតាមដានផ្ទាល់តែម្តង លោក មេបញ្ជាការបានព្រលយមាត់ថា ចាប់តាំងពីលោកឡើងមកដូចរងថ្មបាក់អញ្ចឹង។អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។ដោយ៖(បឹងយក្សឡោម)៕
















































