ភ្នំពេញ: នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥ឯកឧត្តមសន្តិបណ្ឌិតឆៃស៊ីណារិទ្ធទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តមSanto Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើមឯកឧត្តមសន្តិបណ្ឌិតឆៃស៊ីណារិទ្ធបានគូសបញ្ជាក់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាននិងកំពុងកើតឡើងនៅក្នុងប្រទេសជាច្រើនហើយរាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តនិងឆន្ទៈខ្ពស់ក្នុងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនអំពីយន្តការសំខាន់ៗរួមទាំងគ.ប.ឆ.ប. ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសជាមួយនឹងលទ្ធផលគួរឱ្យកត់សម្គាល់។
ទន្ទឹមនេះឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់កិច្ចប្រឹងប្រែងរួមគ្នានេះ។
ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចកម្ពុជាដែលផ្តល់កិច្ចសហការក្នុងការជួយសង្គ្រោះពលរដ្ឋឥណ្ឌូនេស៊ីពីទីតាំងឆបោកក៏ដូចជាការបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រលប់ទៅមាតុប្រទេសវិញ។ឯកឧត្តមបានឯកភាពថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតមានឡើងទូទាំងសកលលោកនិងគូសបញ្ជាក់ថាការបង្កើតគ.ប.ឆ.បគឺស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់អាស៊ានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ក្នុងន័យនេះស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និងបទពិសោធន៍ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការថែមទាំងរួមទាំងការសម្របសម្រួលការទទួលពលរដ្ឋឥណ្ឌូនេស៊ីដែលត្រូវបញ្ជូនត្រលប់ទៅវិញ៕










































