ភ្នំពេញ: នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានអះអាងជាថ្មី អំពីការបន្តប្តេជ្ញាចិត្តរួមគ្នាសាមគ្គីទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀននៅតាមខ្សែរបន្ទាត់ព្រំដែនដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។ ការអះអាងជាថ្មីនូវឆន្ទះពង្រឹងកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើង ក្នុងជំនួបសម្ដែងការគួរសមក្នុងឱកាសឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដឹកនាំសហការីអញ្ជើញមកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ក៏បានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិ។ ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕










































