កំពង់ឆ្នាំងៈសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា យ័ន្តមិនអាចបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍បាននោះទេ ប្រសិនអ្នកបើកបរមិនគោរពច្បាប់ឱ្យបានត្រឹមត្រូវនោះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបងនិងពិធីបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់យ័ន្តការពារនៅលើកញ្ចក់រថយន្ដ ហើយបើកបរដោយបំពានច្បាប់ចរាចរណ៍នៅកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី អះអាងថា យ័ន្តនៅលើកញ្ចក់រថយន្ដនោះ មិនអាចជួយអ្នកបាននោះឡើយ នៅពេលដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។
សម្ដេចមហាបវរធិបតីបន្តថា បច្ចុប្បន្នកម្ពុជាមានអ្នករងគ្រោះថ្នាក់ដោយចរាចរណ៍ច្រើន ដែលគួរឱ្យព្រួយបារម្ភ ជាពិសេសករណីបើកបរបំពានច្បាប់ចរាចរណ៍ មិនប្រកាន់ស្ដាំ បើបញ្ច្រាសទិសចរាចរណ៍ បើកលើសល្បឿនកំណត់ជាដើម។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ និងចំនួនអ្នកស្លាប់ ។
តួលេខដែលចេញដោយនគរបាលជំនាញបានឱ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ អ្នក ស្លាប់ដោយចរា ចរណ៍នៅទូទាំងប្រទេសក្នុងមួយថ្ងៃមានប្រមាណពី ៥ទៅ៦នាក់ បើគិតក្នុងមួយខែវិញមានក្នុងរង្វង់ ប្រមាណ ១៨០ នាក់ ដែលបានស្លាប់ដោយករណីចរាចរណ៍៕ដោយ(យាយពេញ).












































