ភ្នំពេញ:នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ដៃគូបច្ចេកទេសកម្រិតខ្ពស់នៃកម្មវិធីភាពជាដៃគូ ILO TRIANGLE ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន,ស្ថានទូតអូស្ត្រាលី, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, អង្គការអន្តរជាតិខាងការងារ (ILO) និងភាគីពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Fairfield Hotel by Marriott រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់អង្គការ ILO តាមរយៈកម្មវិធីត្រីកោណដែលបានអនុវត្តនៅកម្ពុជាតាំងពីឆ្នាំ២០១០ រហូតឈានដល់ដំណាក់កាលទី៣ នាពេលនេះ។ លោកជំទាវបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ជាចំណុចអាទិភាពទី៩ ក្នុងគោលដៅពង្រីកទីផ្សារការងារក្រៅប្រទេសដោយស្របច្បាប់ និងពង្រឹងកិច្ចគាំពារសង្គមឱ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ន ក្រសួងក៏បាននិងកំពុងលើកកម្រិតគោលនយោបាយទៅជា «គោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៦-២០៣៥» ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានរំលឹកពីបញ្ហាប្រឈមនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលករខ្មែរបានវិលត្រឡប់មកមាតុភូមិវិញយ៉ាងគំហុក។ ចំពោះមុខស្ថានភាពនេះ រាជរដ្ឋាភិបាលបានចាត់វិធានការសង្គ្រោះបន្ទាន់ដោយផ្តល់មធ្យោបាយដឹកជញ្ជូន អាហារ និងការសម្របសម្រួលនៅព្រំដែនយ៉ាងយកចិត្តទុកដាក់បំផុត។ តាមរយៈយន្តការលេខទូរស័ព្ទ Hotline ១២៩៧ និងការរៀបចំវេទិកាការងារជាច្រើនទីតាំង ក្រសួងបានជួយឱ្យពលកររាប់សិបម៉ឺននាក់ ទទួលបានការងារធ្វើក្នុងស្រុកវិញប្រកបដោយជោគជ័យ។ លើសពីនេះ ដើម្បីទប់ស្កាត់ការចាញ់បោកមេខ្យល់ ក្រសួងបានដំឡើងប៉ាណូផ្សព្វផ្សាយនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗផងដែរ។
ជាកិច្ចការបន្តសម្រាប់ឆ្នាំ២០២៦ លោកជំទាវបានប្រកាសថា ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ រាជរដ្ឋាភិបាលផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញ (RPL) ដោយឥតគិតថ្លៃលើមុខជំនាញចំនួន ៨ ជូនដល់អតីតពលករមកពីប្រទេសថៃ ដើម្បីប្រែក្លាយបទពិសោធការងារជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារដែលមានចំណូលខ្ពស់។
ជាមួយគ្នានេះ លោកជំទាវបានផ្តល់អនុសាសន៍ដល់ដៃគូពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ពិគ្រោះយោបល់លើក្របខ័ណ្ឌកម្មវិធី ILO TRIANGLE ឱ្យស្របតាមផែនការអាទិភាពជាតិ។











































