រាជធានីភ្នំពេញ៖ព្រឹកថ្ងៃអង្គារ៥រោចខែចេត្រឆ្នឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ត្រូវថ្ងៃទី០៧ខែមេសាឆ្នាំ២០២៦នៅមន្ទីរពេទ្យព្រះអង្គឌួងលោកជំទាវសាស្ត្រាចារ្យអ៊ឹមសិទ្ធិការរដ្ឋលេខាធិការក្រសួងសុខាភិបាលបានទទួលជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិតKathryn Leonhardt អនុប្រធាននិងជាប្រធានផ្នែកគុណភាពនិងសុវត្ថិភាពនៃJoint Commission International (JCI) ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃ“កម្មវិធីJCI ផែនទីបង្ហាញផ្លូវសុវត្ថិភាពអ្នកជំងឺ” (JCI Patient Safety Pathways) នៅកម្ពុជា។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការបានស្វាគមន៍និងថ្លែងអំណរគុណលោកស្រីវេជ្ជបណ្ឌិតKathryn Leonhardt ដែលបានជ្រើសរើសប្រទេសកម្ពុជាចូលរួមអនុវត្តតាមគំរូJCI ផែនទីបង្ហាញផ្លូវសុវត្ថិភាពអ្នកជំងឺ។នេះគឺជាផ្នែកមួយនៃQuality care ដែលផ្តោតលើការផ្តល់ការថែទាំប្រកបដោយសុវត្ថិភាពប្រសិទ្ធភាពនិងផ្អែកលើភស្តុតាង។គោលដៅចម្បងគឺដើម្បីកាត់បន្ថយកំហុសវេជ្ជសាស្ត្រនិងធានាឱ្យអ្នកជំងឺបានជាសះស្បើយលឿនជាងមុន។ការថែទាំដែលផ្តោតលើអ្នកជំងឺជាមជ្ឈមណ្ឌល(Patient-centered care) ត្រូវមានការចូលរួមពីអ្នកជំងឺក្នុងការសម្រេចចិត្តដើម្បីបង្កើនសុវត្ថិភាព។
លោកជំទាវសាស្រ្តាចារ្យបានលើកទឹកចិត្តJCI បន្តជួយសហការស្វែងរកវិនិយោគិនឯកជននិងអង្គការសប្បុរសធម៌នានាបន្ថែមទៀតសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាលជាពិសេសការអភិវឌ្ឍសុវត្ថិភាពអ្នកជំងឺដល់មន្ទីរពេទ្យជាតិចំនួន១០បន្ថែមទៀត។
មុននឹងបញ្ចប់លោកស្រីវេជ្ជបណ្ឌិតKathryn Leonhardt បានមានប្រសាសន៍ថាក្នុងនាមជាតំណាងJCI យើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងដើម្បីពង្រីកការអនុវត្តសុវត្ថិភាពអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាតិចំនួន១០បន្ថែមទៀតនិងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាលតាមរយៈការផ្ដល់បច្ចេកទេសនិងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់បុគ្គលិកថែទាំដើម្បីធានាបាននូវការបម្រើសេវាប្រកបដោយគុណភាពសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។
ជាចុងក្រោយលោកជំទាវសាស្រ្តាចារ្យបានជូនពរលោកស្រីវេជ្ជបណ្ឌិតKathryn Leonhardt និងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជានិងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕










































