បរទេស:នាព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៦, សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាឱ្យឯកឧត្តមHakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព(Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាម៉េរិក។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតីដែលបានអនុញ្ញាតឱ្យរូបឯកឧត្តមនិងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនាពេលនេះ។ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងតួកគីយ៉េលើវិស័យសំខាន់ៗជាច្រើន។ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រីសូមគោរពអញ្ជើញសម្ដេចធិបតីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីក្នុងពេលវេលាសមស្របក្នុងគោលបំណងបន្តជំរុញនូវការរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ។ក្រៅពីទំនាក់ទំនងទ្វេភាគី, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបង្ហាញនូវចំណាប់អារម្មណ៍និងមានបំណងស្វែងយល់បន្ថែមទៅលើជម្លោះព្រំដែនកម្ពុជា–ថៃជាពិសេសឬសគល់នៃជម្លោះនេះ។ឯកឧត្តមបានសម្ដែងនូវសេចក្ដីសង្ឃឹមថាកម្ពុជា–ថៃនឹងអាចសម្រេចបាននូវសន្តិភាពយូរអង្វែងនាពេលអនាគត។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សដែលបានឃើញនូវភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយប្រទេសតួកគីយ៉េដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ក្នុងឱកាសនេះ, សម្ដេចក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើជុំវិញពិភពលោកផងដែរ។ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េអំពីឬសគល់នៃជម្លោះព្រំដែនកម្ពុជា–ថៃក៏ដូចជាការវិវត្តថ្មីៗនៃស្ថានភាពលើដីជាក់ស្ដែងនិងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីអនុសញ្ញានិងសន្ធិសញ្ញាដែលមានស្រាប់និងច្បាប់អន្តរជាតិ។
មុននឹងបញ្ចប់, សម្ដេចធិបតីនិងឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបន្តពិភាក្សាដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀតសំដៅផ្ដល់សន្ទុះទៅដល់ការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលផ្ដោតលើវិស័យសំខាន់ៗរួមមាន៖វិស័យពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគ, វិស័យសន្តិសុខនិងការពារជាតិក៏ដូចជាវិស័យអប់រំជាដើម។សម្ដេចធិបតីនិងឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េក៏បានបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងខណ្ឌតំបន់និងពិភពលោកជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន៕










































