រាជធានីភ្នំពេញ: នាព្រឹកថ្ងៃទី២០ខែកុម្ភ: ឆ្នាំ២០២៦វិទ្យាស្ថានជាតិការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានបើកវគ្គបណ្តុះបណ្តាលស្តីពី“បច្ចេកទេសអធិការកិច្ចការងារនិងការធ្វើអធិការកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថល” ក្រោមអធិបតីភាពឯកឧត្តមអ៉ិនខេមរារដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហេងសួររដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានការចូលរួមពីអធិការការងារនៅថ្នាក់កណ្តាលនិងថ្នាក់មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី–ខេត្តទាំង២៥សរុបប្រមាណ២៨៣នាក់(ស្រី៥២នាក់)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ក្រុមអធិការការងារថ្នាក់ក្រសួងថ្នាក់មន្ទីរនិងក្រុមចម្រុះដែលត្រូវបានចាត់តាំងសម្រាប់ការចុះធ្វើអធិការកិច្ចការងារដើម្បីបន្តលើកកម្ពស់ការធ្វើអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារសន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤–២០២៨។វគ្គបណ្តុះបណ្តាលដែលមានរយៈពេល១ថ្ងៃនេះផ្តោតលើប្រធានបទសំខាន់ចំនួន២គឺ(១)បច្ចេកទេសនិងបែបបទក្នុងការធ្វើអធិការកិច្ចការងារនិង(២) ការធ្វើអធិការកិច្ចដោយប្រើប្រាស់ប្រព័ន្ធឌីជីថល។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីហេងសួរដើម្បីរួមចំណែកអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជាពិសេសយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ដែលក្នុងនោះមុំទី១កំណត់អំពីការអភិវឌ្ឍទីផ្សារការងារដែលផ្តោតអាទិភាពលើការពង្រឹងអនុលោមភាពការបន្តពង្រឹងគុណភាពនិងប្រសិទ្ធភាពអធិការកិច្ចការងារការធ្វើវិជ្ជាជីវូបនីយកម្មអធិការការងារការជំរុញនិងការពង្រឹងយន្តការអធិការកិច្ចអន្តរស្ថាប័ន។
ជាមួយគ្នានេះឯកឧត្តមក៏បានស្នើដល់សិក្ខាកាមទាំងអស់ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាអធិការការងារប្រកបដោយការទទួលខុសត្រូវមានវិជ្ជាជីវៈនិងប្រសិទ្ធភាពស្របតាមបទបញ្ជាផ្ទៃក្នុងក្រមសីលធម៌និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារដែលជាគោលការណ៍គ្រឹះសម្រាប់អធិការការងារ។បន្ថែមពីនេះក៏ត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាពបុរេសកម្មនិងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ៕










































