រាជធានីភ្នំពេញ: លោកជំទាវសុវណ្ណវណ្ណារតន៍រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហេងសួររដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគីស្តីពី«កម្តៅនៅកន្លែងធ្វើការនិងផលប៉ះពាល់លើសុវត្ថិភាពសុខភាពនិងផលិតភាពការងារនៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា» នាថ្ងៃទី១៩ខែមករាឆ្នាំ២០២៦នៅសណ្ឋាគារFairfield រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួមពីតំណាងមកពីអន្តរក្រសួង, អង្គការILO, អង្គការGIZ, សមាគមTAFTAC, សហជីពនិងដៃគូអភិវឌ្ឍន៍ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃកម្តៅខ្លាំងដែលកំពុងប៉ះពាល់ដល់សុខុមាលភាពកម្មករនិយោជិតជាពិសេសនៅក្នុងរដូវប្រាំងនេះ។សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន៣គឺ៖(១) បង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់នៃកម្តៅខ្លាំង, (២) បង្ហាញទិន្នន័យស្រាវជ្រាវនិងក្របខ័ណ្ឌច្បាប់សម្រាប់វិធានការការពារនិង(៣)ជំរុញការសន្ទនារវាងរាជរដ្ឋាភិបាលនិយោជកនិងម្ចាស់ម៉ាកដើម្បីរិះរកមធ្យោបាយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះលោកជំទាវរដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់ថាការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅនិងខ្យល់ចេញចូលនៅកន្លែងធ្វើការមិនមែនជាបន្ទុកចំណាយនោះទេប៉ុន្តែគឺជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាពការងារនិងធានានូវនិរន្តរភាពអាជីវកម្ម។បរិយាកាសការងារដែលមានផាសុកភាពនឹងជួយឱ្យកម្មករនិយោជិតរក្សាបាននូវស្មារតីនឹងនរនិងថាមពលពេញលេញដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយកំហុសបច្ចេកទេសគ្រោះថ្នាក់ការងារនិងជួយឱ្យសហគ្រាសឈានទៅសម្រេចបាននូវគោលដៅ“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ“។
លោកជំទាវបានរំលឹកថាគ្រោះថ្នាក់ការងារគឺជាបញ្ហាដែលអាចបង្ការបានប្រសិនបើយើងមានការវាយតម្លៃហានិភ័យច្បាស់លាស់និងការអនុវត្តវិធានការចំគោលដៅ។
ទន្ទឹមនឹងនេះលោកជំទាវរដ្ឋលេខាធិការប្រចាំការបានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធនិងជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាកម្តៅឱ្យបានទូលំទូលាយនៅតាមរោងចក្រសហគ្រាស។លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអង្គការILO និងដៃគូនានាដែលបានសហការរៀបចំសិក្ខាសាលានេះឡើងដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕















































