ភ្នំពេញ: បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី–ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖
១–គណៈបញ្ជាការឯកភាពរាជធានី–ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុកំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។
២–ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ៧០២នាក់(ស្រី៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) បង់ក្លាដេស ៧០នាក់(ស្រី ២៧នាក) ប៉ាគីស្ថាន៤២នាក់(ស្រី ៣នាក់) និងជនជាតិផ្សេងៗទៀតរួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។ សូមបញ្ជាក់ជូនថារយៈពេលពីរថ្ងៃចុងក្រោយ យុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញបានរកឃើញជនបរទេសដែលបានចូលមកកម្ពុជាដើម្បីធ្វើសកម្មភាពល្មើសច្បាប់Online Scam មានចំនួនដល់ទៅ ជិត១០០នាក់។
៣–ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រកុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង–ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនអាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។
៤–ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី–ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ–ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី–ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕











































