ភ្នំពេញ: នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំ។
តាមរយៈបណ្ដាញសង្គមសម្ដេចធិបតីបានលើកឡើងថា «ថ្ងៃនេះឆ្លៀតឱកាសចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ដេចបន្តថាទំនប់ស្ទាក់ទឹកទាំងពីរនេះ ពេលសាងសង់រួចរាល់អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋប្រមាណជាង១២ ម៉ឺនហិចតានៅរដូវប្រាំង។»
សម្ដេចធិបតីបានបញ្ជាក់ថែមទៀតថា ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដើរតួនាទីក្នុងការពង្វាងទឹកធ្លាក់ពីស្ទឹងជីនិតប៉ែកខាងលើនៃខេត្តព្រះវិហារចូលទៅស្ទឹងសែន ដែលនឹងជួយកាត់បន្ថយហារនិភ័យនៃការលិចលង់ក្រុងស្ទឹងសែន និងតំបន់ជុំវិញ។










































