សៀមរាប:នៅព្រឹកថ្ងៃចន្ទ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ ក្រុមយុវជន – យុវនារី ប្រមាណ 40នាក់ បានមូលមតិគ្នាប្រារព្ធពិធី បុណ្យកាន់បិណ្ឌយុវវ័យសាមគ្គី នៃបិណ្ឌទី១១ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងវត្ត ទួលស្នែងតេជៈរង្សី ស្ថិតនៅភូមិទម្លាប់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលផ្តួចផ្តើមឡើងដោយព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាកិត្តិយស និងជាព្រះចៅអធិការវត្ត ព្រះសិអារ្យ ដោយ មានការចូលរួម ពី ឯកឧត្តមបណ្ឌិត ធឹម សំផូត ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធឹម សំផូត បានចាប់អារម្មណ៍ ចំពោះការផ្ទួចផ្តើម និងធ្វើអោយយុវជន មានភាពសាមគ្គីគ្នាដើម្បីគោរពនូវទំនៀមទំលាប់នៃបុណ្យប្រពៃណីជាតិដ៏ធំមួយនេះរបស់ពលរដ្ឋខ្មែរបានប្រកាន់ភ្ជាប់ ជាយូរណាស់មកហើយ តែអ្វីដែលគួរអោយចាប់អារម្មណ៍បន្ថែមទៀតនោះ គឺយុវជនដែលជាទំពាំងស្នងឫស្សីបានចេះសាមគ្គីគ្នា មិនត្រឹមជួយយកអាសារគ្នាប៉ុណ្ណោះទេ ដែលនាពេលនេះបាន ប្រតិបត្តិតាមឱវាទព្រះពុទ្ធសាសនា និងចេះសមាទោសនូវអ្វីដែលមិនគប្បីកន្លងមក ចំពោះលោកអ្នកដែលមានគុណ។
ឯកឧត្តម បណ្ឌិត ក៏បានផ្តាំផ្ញើដល់ប្អូនៗ យុវជនអោយប្រព្រឹត្តនូវអ្វីដែលជាអំពើល្អ ដើម្បីសន្សំកុសលផលបុណ្យ តាមគន្លងព្រះពុទ្ធសាសនា និងធ្វើនូវអ្វីៗ ដើម្បីផលប្រយោជន៍ដល់ក្រុមគ្រួសារ និងដើម្បីជាសសរទ្រូងនៃការបន្តវេណក្នុងការអភិវឌ្ឍន៍ជាតិយើង។ ឯកឧត្តមបណ្ឌិត សូមផ្តាំផ្ញើដល់យុវជន ទាំងអស់ ជាពិសេសនៅស្រុកក្រឡាញ់យើង សូមអោយមានកម្មវិធីដឹងគុណដល់មាតា~បិតានេះ អោយបានគ្រប់ភូមិឋាន ជាប្រយោជន៍នៃការដឹងគុណ និងប្រាសចាកនូវអំពើអកុសលទាំងឡាយ។
ដើម្បីជាការដឹងគុណដល់មាតា~បិតា នាឱកាសនោះ យុវជន~យុវនារីបានផ្តល់ជូនជា Kid មួយផងដែរជូនដល់អ្នកមានគុណរបស់ខ្លួន នាឱកាសបុណ្យកាន់បិណ្ងនេះ និងសូមទទួលបានបុណ្យកុសលទាំងអស់គ្នា៕ដោយ:(ព្រះវិហារ)