ភ្នំពេញៈនៅរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ឯ.ឧ គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថាៈក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ៤៩ និង សេចក្តីសម្រេចលេខ៥០ របស់រាជរដ្ឋាភិបាល។ជាពិសេសដើម្បីកាត់ផ្តាច់ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និង ជាអតិបរមារាជរដ្ឋាភិបាលបានសម្រេចណែនាំស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល តាមរយៈសេចក្តីណែនាំលេខ០១ស.ណ.នចុះថ្ងៃទី១៩ខែមេសាឆ្នាំ២០២១នៅក្នុង“តំបន់ក្រហម”ដែលកំណត់ដោយអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់។បើតាមលោកគឹមសន្តិភាពបុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋានឬទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។លោក បន្តថាអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ នឹងចាត់ចែងជាបន្ទាន់ដើម្បីចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមានអង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះប្រជាពលរដ្ឋក្រីក្រ និង មានការលំបាកក្នុងជីវភាពនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម នឹង រៀបចំឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និង ចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទឬអនឡាញ និង ការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ៕ដោយ៖(យាយពេញ).












































