ភ្នំពេញៈសារលោកស្រីឱវណ្ណឌីននៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១សូមជម្រាបសួរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ក្នុងនាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩ និង ក្នុងនាមមីងផ្ទាល់មីងសូមកោតសរសើរចំពោះក្មួយៗទាំងអស់ដែលហ៊ានលះបង់ពេលវេលាកម្លាំងកាយចិត្តប្រាជ្ញាធនធាន និង ហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេស មួយរយ:ចុងក្រោយនេះកម្ពុជាយើងក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។ក្នុងការចូលរួមបុព្វហេតុនេះ ក្មួយៗបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅ លើកតម្កើងសរសើរ ពីព្រោះទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះក៏ពិតមែនតែក្មួយៗក្លាហានហ៊ានប្រឈមដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយចូលខ្លួនលះបង់ដើម្បីប្រជាជន និង ប្រយោជន៍ជាតិមាតុភូមិជាធំ។មីងសូមកោតសរសើរដល់ក្មួយៗទាំងអស់យ៉ាងខ្លាំងបំផុត ក្មួយៗ សុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ។ សេចក្តីក្លាហានរបស់ក្មួយៗ នឹង កត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើងដែលទុកដល់អ្នកជំនាន់ក្រោយបានដឹងឭពីការលះបង់នេះ ដើម្បីសុខភាពប្រជាជនភាពសុខដុមរម្យនា របស់កម្ពុជា និង ពិភពលោកទាំងមូល។ឆ្លៀតក្នុងឱកាសនេះ ទោះជាមិនមានក្មួយណាម្នាក់ឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចក្តី មីងក៏សូមផ្តាំផ្ញើការសាកសួរសុខទុក្ខជាពិសេសដល់ក្មួយៗដែលកំពុងសម្រាកព្យាបាល និង ជាប់ចត្តាឡីស័ក ដោយបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដោយយើងមិនដឹងជាមុននេះ។ មីងជឿជាក់ថាក្មួយៗ នឹង ឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ជាមិនខាន។ ក្មួយៗត្រូវតែរឹងមាំ និង បន្តមានសង្ឃឹមថាជីវិតប្រជាជនច្រើនទៀតគឺស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗដែលនឹងត្រូវទៅផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ និង បន្តទៅខាងមុខទៀត ដែលក្មួយៗនឹងក្លាយជាអ្នកមានបទពិសោធន៍លើការងារជាប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជំងឺរាប់ពាន់នាក់ទៀតថ្ងៃអនាគត។
ជាចុងក្រោយ មីងសូមក្មួយៗមេត្តាមានការអត់ធ្មត់ និង ការប្រុងប្រយ័ត្នខ្ពស់ ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិឲ្យបាននូវវិធានការសុខាភិបាលនានា ដូចជា ៣ការពារ និង៣កុំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរស់នៅ ព្រោះកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដ៏រាបណាយើងមិនយកចិត្តទុកដាក់បង្ការសុខភាពខ្លួនឯង វីរុសដ៏កាចសាហាវនេះ នឹងអាចញំញីរាងកាយយើងបានគ្រប់ពេលវេលា។មីងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់ក្មួយៗ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និង សម្រេចបាននូវគ្រប់ភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ពីអ្នកមីង ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គវក-១៩៕ដោយ៖ (យាយពេញ).










































