
ភ្នំពេញៈដោយមានការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យ និង មណ្ឌលព្យាបាលជំងឺកូវីដ១៩មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាល (ប្រមាណ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល៨០ម៉ោង។ ឯ.ឧ ហ៊ុន ម៉ាណែត សូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំនេះ ពីព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ ឯ.ឧ សូមឆ្លៀតឱកាសនេះធ្វើការថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន( OCIC ) ដែលបានអនុញ្ញាតអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។ ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទេ ជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ឲ្យអស់ពីទឹកដីខ្មែរយើង៕ដោយ៖(យាយពេញ).











































