ភ្នំពេញៈបន្ទាប់ពីសង្កេតឃើញថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញហាក់មិនមានការថមថយឡើយ ហើយភាគច្រើនកើតឡើងនៅតាមភោជនីយដ្ឋានហាងកាហ្វេដោយសារតែមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារដោយមិនបានរក្សាគម្លាតត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋានហាងកាហ្វេនិងកន្លែងលក់គ្រឿងបរិភោគទាំងអស់នៅទូទាំងរាជធានីភ្នំពេញគួរបម្រើសេវាវេចខ្ចប់ជូនអតិថិជនប្រសើរជាងការអង្គុយទទួលទាននៅក្នុងហាង។លោកឃួងស្រេងបានថ្លែងថា«ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋានហាងកាហ្វេនិងកន្លែងលក់គ្រឿងហូបទាំងអស់នៅក្នុងរាជធានីភ្នំពេញបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។ពិសេសកាត់បន្ថយចំនួនភ្ញៀវដែលអង្គុយនៅក្នុងហាងហើយបើល្អបំផុតសូមបម្រើអតិថិជនដោយការវេចខ្ចប់»។បើតាមលោក ឃួង ស្រេងក្នុងករណីម្ចាស់ភោជនីយដ្ឋានឬហាងកាហ្វេ ចង់ឲ្យអតិថិជនបន្ដទទួលទាននៅក្នុងទីតាំងរបស់ខ្លួនត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១ម៉ែត្រកន្លះឬកាត់បន្ថយចំនួនកៅអីដែលអង្គុយនៅតាមតុដែលមានការប្រមូលផ្ដុំ។ក្នុងករណីម្ចាស់ទីតាំងភោជនីយដ្ឋានហាងកាហ្វេនៅតែអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនិងវិធានការរបស់ក្រសួងសុខាភិបាលទេនោះអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
មន្ដ្រីសុខាភិបាលក៏បានប្រាប់ឲ្យដឹងដែរថាករណីឆ្លងជាច្រើននៅក្នុងរាជធានីភ្នំពេញនៅពេលសួរនាំទៅកាន់ប្រជាពលរដ្ឋដែលឆ្លងនោះ គឺមានប្រភពចេញពីកន្លែងហូបចុកជួបជុំគ្នានៅតាមភោជនីយដ្ឋាន ឬហាងកាហ្វេជាដើម។លើសពីនេះទៅទៀតក៏មានការឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការផងដែរ។ជាក់ស្ដែងបុគ្គលិកធនាគារមួយពេលធ្វើការមានការពាក់ម៉ាសត្រឹមត្រូវហើយខ្ចប់បាយពីផ្ទះទៅដើម្បីហូប ប៉ុន្ដែបែរជាត្រូវឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការទៅវិញ។ យ៉ាងណាមិញ ទីតាំងភោជនីយដ្ឋាន និងហាងកាហ្វេដែលត្រូវបានរកឃើញថាមានការពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ ត្រូវបានបិទទ្វារបណ្ដោះអាសន្នជាបន្ដបន្ទាប់ផងដែរ។រហូតដល់ម៉ោង០៩:៤៥ព្រឹកថ្ងៃទី៧មេសា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៩១នាក់ (ឆ្លងសហគមន៍៩០និងនាំចូល១នាក់)និងមានជាសះស្បើយ៣០នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន២៩១៥នាក់ចំនួនសំរាកពេទ្យ១០៦៤នាក់និងចំនួនជាសះស្បើយសរុបកើន១៨២៤នាក់និងស្លាប់ថ្មី ០នាក់សរុបស្លាប់២២នាក់។ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នាឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុលឬជែល ។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕ដោយ៖(យាយពេញ).










































