សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ

ភ្នំពេញៈនៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរ និង វាយ​តម្លៃ​ខ្ពស់​ចំពោះកងកម្លាំង និង​មន្រ្តីរាជ​ការទាំង​អស់នៃ​ក្រសួង​មហា​ផ្ទៃដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង​សម្រេច​បានសមិទ្ធ​ផលជា​ច្រើននៅ​ក្នុងឆ្នាំ​២០១៩កន្លងមកនេះ។ ដើម្បីលើកកម្ពស់ប្រសិទ្ឋិភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងឆ្នាំថ្មីជាបន្តនេះ សម្តេចតេជោហ៊ុន សែន បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ ដែលត្រូ​វខិតខំពុះពាសម្រេចឱ្យបានគឺ៖ទី១-បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព​ ឯករាជ្យភាព អធិប​តេយ្យ​ជាតិ និង បូរណភាពទឹកដី​ សន្តិសុខសណ្តាប់ធ្នាប់សង្គម និង​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​លើកស្ទួ​យនូវសិទ្ធិ​សេរី​ភាព​គ្រប់​យ៉ាង​របស់ប្រជាពលរដ្ឋ។​ទី២បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការធានាឱ្យបាននូវសុខសន្តិភាពនិង​ការ​អភិ​វឌ្ឍ​​​​ប្រទេសជាតិប្រកបដោយចីរភាពនិង​ការ​កសាង​ភាព​សុខ​ដុមរមនាជាមួយគ្រប់ជាតិសាសន៍នៅក្នុង​សង្គមជាតិ​ទាំង​មូល​។ទី៣បន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និង​ការ​ប្រើប្រាស់សិទ្ធិសេរីភាពតាម​រយៈ​ការរួម​គ្នាការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ ​ការពារព្រះមហាក្សត្រ ការ​ពារ​របប​រាជា​និយម​ឤស្រ័យ​រដ្ឋធម្មនុញ្ញ និង ប្រព័ន្ធន​យោបាយ​នៅកម្ពុជា។ ត្រូវពង្រឹងនិងជំរុញការ​អនុវត្តច្បាប់​ឱ្យបាន​ម៉ឺង​ម៉ាត់​​​និង​ស្មើ​ភាព​គ្នា។ទី៤លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក​​ ដុសក្អែល  ព្យាបាល និង វះកាត់» ។

នៅក្នុងពិធីបិទសន្និបាតរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវគោលការណ៍ណែនាំ និង​អនុសាសន៍ចំនួន៨ដូចខាងក្រោម៖១-ត្រូ​វបន្ត​ថែរក្សា​សុខ​សន្តិ​ភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ពង្រឹងជំនឿទុកចិត្តដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និង ការប្រកបឤជីវកម្មនៅកម្ពុជាធានា​សុវត្ថិភាព​ទាំងស្រុង​សម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្មនិង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន​នានា។

003

២-ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំ​មាន​សុវត្ថិ​ភាពឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុញចលនាប្រជាជនបានចូលរួមជាមួយឤជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ក្នុង​ការបង្ការ​ទប់ស្កាត់ និង បង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាត​កម្ម ​អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, បទល្មើសនេសាទ ឤជីវកម្មរ៉ែ និងឤជីវកម្មខ្សាច់ខុសច្បាប់។

៣-ត្រូវ រួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាពជាមួយនឹងស្មា​រតី​ទទួល​ខុសត្រូវខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មឺងម៉ាត់ អប់រំផ្សព្វផ្សាយ​ច្បាប់​ចរា​ចរណ៍​ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសសំដៅ​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

៤-ត្រូវបន្ត​លើកកម្ពស់​វិធានការគ្រប់គ្រង​មុខ​សញ្ញា​នានា​ទាក់​ទង​នឹងកិច្ចការអន្តោប្រវេសន្តដើម្បីចូលរួមបង្ការទប់​ស្កាត់​បណ្តា​ញ​​​ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅ​ពង្រឹង​សន្តិ​សុខ​ជាតិនិងសណ្តាប់ធ្នាប់ក្នុងសង្គមតាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់ និង​មាន​ប្រសិទ្ធ​ភាពនូវ​ជនបរទេស​អន្តោប្រវេសន្តស្របតាមច្បាប់ ។

៥-ត្រូ​វបន្ត​អនុវត្តប្រ​កបដោយប្រសិទ្ធ​ភាពនូវ​ការកែទម្រង់​រដ្ឋ​បាល​​​​ថ្នាក់​ក្រោមជាតិ តាមរយៈ​កិច្ច​សហការ​សម្រប​សម្រួល​ជាមួយកម្មវិធីកែទម្រង់នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យ សម្បត្តិ ស្របតា​មប្រព័ន្ធ​វិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់​គ្រងរដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ ដំណើរការបានដោយរលូន និង​មាន​ប្រសិទ្ធភាព។រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិតក្នុងការចាត់ចែង ប្រើប្រាស់​មុខងារ និងធនធានដែលបានផ្ទេរហើយដើម្បី​ឆ្លើយ​តបតាម​តម្រូវការរបស់ប្រជាពលរដ្ឋ។

៦-ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល, កសាង​សមត្ថភាពដល់មន្ត្រីរាជការស៊ីវិល, កងកម្លាំង នគរបាលជាតិ និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្តល់​នូវជំនាញ​វិជ្ជា​ជីវៈ​ ចំណេះដឹង និង ចំណេះធ្វើជាក់ស្តែងថ្មីៗ ជា​ពិសេស​សេវាសង្គម, សេវារដ្ឋបាល, សេវាសន្តិសុខ, និង​សេវា​សាធារ​ណៈ​ចាំបាច់នានារបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព, គណនេយ្យភាព និង មានប្រសិទ្ធភាពខ្ពស់ ។

៧-តាមការព្យាករណ៍ឆ្នាំ ២០២០២ នេះ ប្រទេស យើងនឹង​មានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង ។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ និង ឤជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយត​ម្លៃអំ​ពីប្រភព​ទឹក​សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃព្រម​ទាំង​ការ​បង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំង ។

 

៨-ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង ផ្សារភ្ជាប់រវាង​រាជរដ្ឋា​ភិ​បាល​​ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ត្រូវ​បង្កើន​សកម្មភាព​ចុះមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមនិង​ទទួល​សំណូម​​ពរទាំងឡាយរបស់ប្រជាពលរដ្ឋឱ្យបានសមស្រប និង​ទាន់​ពេលវេលា ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ពេល​នេះ​មិនទាន់ត្រូវបានបិទបញ្ចប់នោះទេ។ សម្តេចតេជោ បាន​អះ​អាងថា រាជរដ្ឋាភិបាលកម្ពុជា គ្មានភាពចាំបាច់អ្វីត្រូវលាក់បាំង ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩នោះឡើយក្នុង​ពេល​ដែល​រាជ​រដ្ឋាភិបាលមានស្មារតីទទួលខុសត្រូវគ្រប់គ្រាន់ចំពោះប្រជាពលរដ្ឋខ្មែរ ដែល​រហូតមក​ដល់ពេល​នេះគ្មាន​ពលរដ្ឋ​ខ្មែរយើង​ណា​ម្នាក់កើតជម្ងឺនេះទេ។ជាមួយគ្នាដែរកម្ពុជា​គ្មាន​ទំនាស់​ការ​ទូតជាមួយប្រទេសម៉ាឡេស៊ីនោះទេពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ីប្រកាស​ថា​បាន​រកឃើញ​ស្រ្តី​វ័យ​ចំណាស់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្នាក់មានផ្ទុកវីរ៉ុសកូរ៉ូណាវិជ្ជមាន បន្ទាប់ពីបានចាកចេញពីកម្ពុជា ហើយ​បន្ទាប់មក​ត្រូវ​បានក្រសួងសុខាភិបាលកម្ពុជាទាមទារឲ្យម៉ាឡេស៊ី ត្រួត​ពិនិត្យឡើងវិញតែប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​គ្មានទំ​នាស់​ការ​ទូត​ជាមួយម៉ាឡេស៊ីនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី សង្ឃឹម​ថាអង្គ​សន្និ​បាតទាំងមូលនឹងអនុវត្តប្រកបដោយភាពជោគជ័យនូវទិសដៅការងារ និងគោ​លការណ៍​សំខាន់ៗ​ជាច្រើន​ទៀត​របស់​ក្រសួង​មហាផ្ទៃដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាពលរដ្ឋ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​អញ្ជើញ​ផ្តល់កិត្តិយស​បំពាក់គ្រឿង​ឥស្ស​រិយ​យសដល់មន្ត្រីមានស្នាដៃមួយចំនួននៃក្រសួងមហាផ្ទៃ និង​បានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕(ដកស្រង់ចេញពីផេក សម្តេចតេជោ).

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment