

ភ្នំពេញ:លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥នេះបានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖
–បន្ទាប់ពីកិច្ចប្រជុំលើកទី១របស់គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥និងការដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីមហាបវរធិបតីនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តទាំង២៥បានចាត់វិធានការចុះត្រួតពិនិត្យឆែកឆេរធ្វើរដ្ឋបាលនិងបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅក្នុងភូមិសាស្ត្ររាជធានីខេត្តគិតចាប់ពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥ដល់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥៖
១-.បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន១៣៨ទីតាំង, ជួយសង្គ្រោះជនរងគ្រោះ១ទីតាំង(ខេត្តពោធិ៍សាត់) សង្គ្រោះជនជាតិវៀតណាមសរុប១៥៣នាក់(ស្រី១៨នាក់) និងប្រតិបត្តិការបង្ក្រាបសរុបបាន៥៨ទីតាំង/ករណីក្នុងនោះឃាត់ឡានដឹកជនបរទេស១៩ករណីនិង១ករណីពុំរកឃើញជនសង្ស័យ(ខេត្តតាកែវ) មាន១៧រាជធានីខេត្តរួមមានរាជធានីភ្នំពេញកណ្តាលព្រះសីហនុកំពង់ស្ពឺបន្ទាយមានជ័យក្រចេះពោធិ៍សាត់កំពតកោះកុងឧត្ដរមានជ័យស្ទឹងត្រែងមណ្ឌលគីរីប៉ៃលិនតាកែវស្វាយរៀងសៀមរាបនិងត្បូងឃ្មុំ) ។
២-.ឃាត់ខ្លួនជនសង្ស័យសរុប៣.០៧៥នាក់(ស្រី៦០៦នាក់) ក្នុងនោះជនជាតិចិន១,០២៨នាក់(ស្រី៨៩នាក់), វៀតណាម៦៩៣នាក់(ស្រី១៩០នាក់), ជនជាតិឥណ្ឌូនេស៊ី៣៦៦នាក់(ស្រី៧០), ឥណ្ឌា១០៥នាក់(ស្រី៩នាក់), បង់ក្លាដេស១០១នាក់(ស្រី២៧នាក់), ថៃ៨២នាក់(ស្រី១៣នាក់), ជនជាតិកូរ៉េ៥៧នាក់(ស្រី២នាក់), ប៉ាគីស្ថាន៨១នាក់(ស្រី៣នាក់), នេប៉ាល់១៣នាក់ម៉ាឡេស៊ី៤នាក់និងជនជាតិផ្សេងៗទៀតហ្វីលីពីនឡាវកាមេរ៉ូននីហ្សេរីយ៉ាយូហ្គាន់ដាសេរ៉ាលីអូនម៉ុងហ្គោលីរុស្ស៊ីមីយ៉ាន់ម៉ាជាដើម។
៣-.ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើសOnline Scams មានដូចជាកុំព្យូទ័រកុំព្យូទ័រយួរដៃទូរសព្ទម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួនជញ្ជីងថ្លឹងគ្រឿងញៀន–ប្រអប់ដាក់គ្រឿងញៀនម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនសារធាតុញៀនសម្ភារឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនអាវុធគ្រាប់កាំភ្លើងនិងសម្ភារមួយចំនួនទៀត។
–ក្រោយប្រតិបត្តិការបង្ក្រាបទីតាំងនិងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី–ខេត្តគ្រប់គ្រងនិងបិទទីតាំងមិនឱ្យមានការចេញ–ចូល។ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធី(រាជធានីភ្នំពេញបានបញ្ជូនមេក្លោង១១នាក់និងវត្ថុតាងទៅតុលាការក្នុងនោះតុលាការបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នមេក្លោងចំនួន៨នាក់) បញ្ជូនជនជាតិចិនចំនួន១៧នាក់(ស្រី២នាក់) ទៅស្នាក់ការត្រៀមបណ្ដេញចេញប្រចាំខេត្តព្រះសីហនុព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅប្រទេសសាមី។ដោយឡែកវត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការនិងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រងរក្សាទុករបស់អាជ្ញាធររាជធានី–ខេត្តសម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕










































