ខេត្តតាកែវ៖ ថ្ងៃសុក្រ ៨រោច ខែ អាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៥ ដោយទទួល បានការណែនាំលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកអង្គរកា ជុំទី៣ឆ្នាំ២០២៥ នៅខេត្តតាកែវ។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ ១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច ៣)ផ្នែក គ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ–អមវេជ្ជសាស្ត្រ និង ៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួង បានឱ្យ ឃើញមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យ បង្អែកស្រុកជុំទី១ និងជុំទី២ កាលពីចុងឆ្នាំ២០២៣ និង២០២៤ ហើយបញ្ហាប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម នឹងត្រូវ បានបន្តដោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងសូមបួងសួងដល់ទេវតា និងវត្ថុសក្តិសិទ្ធទាំងអស់ក្នុងលោកតាមថែរក្សាមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ សូមមានកម្លាំងមាំមួន សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវប្រធានការិយាល័យស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រី សុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកអង្គរកា ។










































